(​កាលីហ្វូ​ញ៉ា​)៖ ក្រុម​អ្នក​ស៊ើបអង្កេត​អាមេរិក​ជឿជាក់ថា ខ្មាន់កាំភ្លើង​ជា​ប្ដី​ឈ្មោះ Syed Rizwan Farook បានរៀបចំ​ផែនការ​សម្ងាត់​ទុកជាមុន​តាំងពី​ឆ្នាំ​២០១២ សម្រាប់​ការវាយប្រហារ​សម្លាប់​យ៉ាង​រង្គាល​នៅ​តំបន់ San Bernardino រដ្ឋ​កាលីហ្វូ​ញ៉ា សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃទី​០៩ ខែ​ធ្នូ​។​

​មន្ត្រី​អាមេរិក​ពីរ​រូប​ដែល​បាន​ជា​សមាជិក​នៃ​ក្រុម​ស៊ើបអង្កេត​លើ​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស ១៤​នាក់ និង​របួស​២១​នាក់ San Bernardino រដ្ឋ​កាលីហ្វូ​ញ៉ា បានឲ្យដឹងថា គម្រោង​នៃ​ការវាយប្រហារ​នេះ​ត្រូវបាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១២ ដោយ​មាន​ការ​រួមគំនិត​ពី​ជន​ទី​៣ ហើយ​នៅ​មុន​ថ្ងៃ​វាយប្រហារ ខ្មាន់កាំភ្លើង​ជា​ប្ដី​ប្រពន្ធ​មិន​ចង់​ធ្វើឡើង ព្រោះ​វា​មិន​ស្ថិត​នៅក្នុង​គម្រោង​ដែល​បាន​គ្រោងទុក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ​កន្លងទៅ​នេះ ក្រុម​ខ្មាន់កាំភ្លើង​បាន​បើក​ការវាយប្រហារ​ចូលក្នុង​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​សង្គម​មួយ នៅក្នុង​តំបន់ San Bernardino រដ្ឋ California សហរដ្ឋអាមេរិក បណ្ដាលឲ្យ​មនុស្ស​១៤​នាក់​ស្លាប់ និង​២១​នាក់​រងរបួស ចំណែក​ខ្មាន់កាំភ្លើង​ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​ខណៈ​ពេល​បាញ់​តបត​គ្នា ហើយ​ក្រោយពី​កើតមាន​ករណី​នេះ ក្រុម ISIS បានប្រកាសថា ខ្មាន់កាំភ្លើង​ទាំង​ពីរ​នាក់​គឺជា​អ្នកគាំទ្រ ISIS និង​អនុវត្ត​តាម​បញ្ជា​៕