(អាហ្គានីស្ថាន)៖ យ៉ាងហោចណាស់មនុស្ស ២៣នាក់បានស្លាប់ ក្នុងនោះមានសកម្មជនតាលីបង់៩នាក់ បន្ទាប់ពីមានការវាយប្រហារយ៉ាងខ្លាំងមួយនៅអាកាសយានដ្ឋាន Kandahar ភាគខាងត្បួងប្រទេសអាហ្គានីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Ali Jazeera នៅថ្ងៃទី០៩ ខែធ្នូ។
យោងតាមសំដីរបស់មន្ត្រីយោធាអាហ្គានីស្ថាន បានឲ្យដឹងថា ក្រុមឧទ្ទាមតាលីបង់ បានវាយប្រហារទៅ
អគារដែលជាកន្លែងស្នាក់នៅរបស់មន្ត្រីយោធា និងជាមូលដ្ឋានទ័ពរបស់ប្រទេសអាហ្គានីស្ថាន ជាពិសេសអាកាសយានដ្ឋានមួយនេះ ក៏ជាកន្លែងមូលដ្ឋានទ័ពរបស់អាមេរិក និងអង្គការណាតូផងដែរ។
ក្រុមឧទ្ទាមបានកាន់កាប់អគារស្នាក់នៅរបស់មន្ត្រីយោធា និងបានចាប់សមាជិកគ្រួសារមន្ត្រីយោធាធ្វើជាចំណាប់ខ្មាំង ខណៈដែលក្រុមកងកម្លាំងពិសេសរបស់អាហ្គានីស្ថាន បានដាក់ពង្រាយ និងឡោមព័ទ្ធអគារ ដោយមានការប្រយុទ្ធតបតគ្នា រហូតដល់រំដោះចំណាប់ខ្មាំង និងអគារមកវិញបាន ប៉ុន្តែមានមនុស្ស ២៣នាក់បានស្លាប់ បូករួមទាំងសកម្មប្រយុទ្ធតាលីបង់ផងដែរ។
គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋាន Kandahar ជាមូលដ្ឋានទ័ពដ៏សំខាន់របស់អាហ្គានីស្ថាន , អាមេរិក និងណាតូ ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត ប៉ុន្តែលើកនេះមិនដឹងជាមូលហេតុអ្វីបានជាក្រុមតាលីបង់លួយវាយឆ្មក់បាន៕