(​បាងកក​)៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ​កំពុងស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​ពីបទ​បរិហារកេរ្តិ៍​រាជវង្ស នៅក្នុង​ការអត្ថាធិប្បាយ​មួយ​ដែល​បាន​ធ្វើ​ការរិះគន់ ចំពោះ​ការកាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល​វែង ទៅលើ​ច្បាប់​ប្រមាថ​ស្តេច នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​។​

​តាម​ច្បាប់​នៅក្នុង​ប្រទេស​ថៃ ជន​ដែល​ប្រមាថ​រាជរង្ស​នឹង​ត្រូវ​ប្រឈម​មុខ​ផ្ដ​ន្ទា​ទោស​ជាប់គុក​ចំនួន ១៥​ឆ្នាំ ដែល​ការកំណត់​នេះ​ហើយ​ទើប​ធ្វើឲ្យ​លោក Glyn Davies ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ លើក​មក​និយាយ​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដោយ​បាន​រំលោភ​លើ​មាត្រា​១១២ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​ថៃ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ប៉ូលិស​ថៃ​បាន​ប្រាប់​សារព័ត៌មាន AFP ថា ក្រុម​ជំនាញ​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត ប៉ុន្តែ​មិន​អាច​បញ្ជាក់បាន​ថា ការស៊ើបអង្កេត​នោះ​មាន​ឈានដល់​ដំណាក់កាល​ណា​ហើយ​នោះទេ​៕​