(​ព្យុង​យ៉ាង​)៖ មេដឹកនាំ​កូរ៉េខាងជើង លោក​គឹម ជុន​អ៊ុន បាន​ថ្លែង​ទៅ​កាន់​ជនរួមជាតិ​ទូទាំង​ប្រទេស​ថា លោក​មិន​ត្រឹម​តែ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​ទេ នៅពេល​នេះ​លោក​បាន​ចាប់ផ្ដើម​ផលិត​គ្រាប់បែក​អ៊ីដ្រូសែន (H-Bomb) បន្ថែ​​ទៀត នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុង​ព្យុង​យ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​ធ្នូ​។​

​ការ​ថ្លែង​ជា​សាធារណៈ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ក្នុងអំឡុងពេល​ដែល​លោក​គឹម ជុន​អ៊ុន ទៅ​ធ្វើ​អធិការកិច្ច នៅ​តំបន់​ឧស្សាហកម្ម​ប្រវត្តិសាស្ត្រ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កុ​ម្មុយ​និ​ស្ដ​មួយ​នេះ​។

​នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​គឹម ជុន​អ៊ុន ប្រកាស​ជា​សាធរណៈ​បង្ហាញ​ពី​ផែនការ​ផលិត​អាវុធ និង​គ្រាប់បែក​ថ្មី​នេះ ហើយ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Korean Central News Agency បានឲ្យដឹងថា លោក​គឹម ជុន​អ៊ុន សូម​អរគុណ​ចំពោះ​ការខិតខំ​ប្រឹង​ប្រែ​របស់​លោក​គឹម អ៊ី​ល​ស៊ុង ដែលជា​ជីតា​របស់​លោក ដែល​ជា​បិតា​ស្ថាបនា​ប្រទេស​កូរ៉េខាងជើង​ឡើង​។​

​អ្នកវិភាគ និង​អ្នកជំនាញ​ជាច្រើន​បាន​ព្រមាន​ដល់​ពិភពលោក​ឲ្យ​បង្កើនការ​ប្រុងប្រយ័ត្ន ព្រោះ​បើ​តាម​ការស្រាវជ្រាវ កូរ៉េខាងជើង​អាច​នឹង​កំពុងតែ​ផលិត​គ្រាប់បែក H-Bomb ពិតមែន ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពី​ឥទ្ធិពល​របស់​វា​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កូរ៉េខាងជើង ត្រូវបាន​គេ​ដាក់ឈ្មោះថា «​ជា​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​» ដែល​ពឹងផ្អែក​ទៅលើ​ការផលិត​អាវុធ​នុយក្លេអ៊ែរ និង​ខ្លួនឯង​សម្រាប់​រស់ ព្រោះ​មាន​តែ​អាវុធ​នុយក្លេអ៊ែរ​ទេ ដែល​អាច​ការពារ​អធិបតេយ្យភាព និង​សេចក្ដីសុខ​របស់​ពលរដ្ឋ​កូរ៉េ​ខាងជើង​បាន​៕​