(​កា​ប៊ុល​)៖ ចំនួន​អ្នក​ស្លាប់ បាន​កើនឡើង​ដល់ ៥០​នាក់ នៅក្នុង​ការវាយប្រហារ​រយៈពេល​មួយ​ថ្ងៃ ដោយ​ក្រុម​ឧទ្ទាម Taliban ប្រឆាំង​នឹង​បណ្តុំ​អគារ​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ជិត​អាកាស​យាន្តដ្ឋាន​មួយកន្លែង នា​តំបន់​ភាគខាងត្បូង ទីក្រុង Kandahar របស់​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​បាន​បញ្ចប់​ការវាយប្រហារ កាលពី​យប់​ថ្ងៃ​ពុធ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គានី​ស្ថាន ចេញ​ផ្សាយ​ដោយ​ព័ត៌មាន Xinhua នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។

«​លទ្ធផល​នៃ​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម នៅ​ជិត​អាកាស​យាន្តដ្ឋាន បាន​សម្លាប់​មនុស្ស​ចំនួន​៥០​នាក់ ក្នុងនោះ ៣៨​នាក់​ជា​ជន​ស៊ីវិល និង​១០​នាក់​ទៀត​ជា​កង​ទាហាន ព្រមទាំង​២​នាក់​ផ្សេង​ទៀត ជា​មន្ត្រីប៉ូលិស​» នេះ​បើ​តាម​របាយការណ៍ ពី​ក្រសួង​ការពារជាតិ​។ ក្នុងនោះ កង​ទាហាន​១៧​នាក់​, ប៉ូលិស​៤​នាក់ និង​ជន​ស៊ីវិល ១៤​នាក់ បាន​ទទួល​រងរបួស​ផងដែរ នៅក្នុង​ការវាយប្រហារ​នេះ​។

​តាម​របាយការណ៍​បានបញ្ជាក់​ថា ជនសង្ស័យ​ជា​ក្រុម​ឧទ្ទាម Taliban ទាំង​១១​នាក់ ដែល​ពាក់ព័ន្ធ​នៅក្នុង​ការវាយប្រហារ​នេះ ត្រូវបាន​សម្លាប់​ហើយ​៕​