(​បារាំង​)៖ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក គឹម ជុន​អ៊ុន បានប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ការកាប់បំផ្លាញ់​ព្រៃឈើ នេះ​បើ​យោងតាម​សំដី​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​ថ្លែង​ឲ្យដឹង​នៅថ្ងៃចន្ទ​ម្សិលមិញ​

​នេះ​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីអំពី​បញ្ហា​អាកាសធាតុ ២០១៥ នៅក្នុង​ប្រទេស​បារាំង នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ថ្ងៃទី​០៨ ខែ​ធ្នូ​។​

«​លោក​គឹម ជុន​អ៊ុន បាន​ប្រកាសសង្គ្រាម​លើ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​ដាក់​នូវ​គម្រោងការ​ធំ​មួយ​ដើម្បី​ប្រែក្លាយ​តំបន់ភ្នំ​ទាំងអស់​នៃ​ប្រទេស​កូរ៉េខាងជើង ឲ្យទៅ​ជា​ភ្នំ​មាស ដោយ​មាន​ដើមឈើ​ធំៗ និង​ព្រៃ​ក្រាស់​»​។ នេះ​ជា​សំដី​របស់​លោក Ri Su Yong រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​ថ្លែង​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​។​

​កូរ៉េខាងជើង ជា​ប្រទេស​មួយ​ស្ថិតក្នុង​ចំណោម ១៩៥​ប្រទេស ដែល​បាន​ចូលរួម​ប្រជុំ​នៅក្នុង​ទីក្រុង​ប៉ារីស
​ក្នុង​គោលដៅ​ស្វែងរក​ដំណោះស្រាយ និង​ទប់ស្កាត់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​។​

​កូរ៉េ​ខាងជើង​មាន​គម្រោង​ផ្ដួចផ្ដើម​ដាំ​ដើមឈើ​ក្នុង​ទ្រុងទ្រាយ​ធំ​នៅក្នុង​រយៈពេល ១០​ឆ្នាំ​ខាង​មុខ ដែល​នោះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕