(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញផ្សាយនូវរូបភាព របស់មេដឹកនាំផ្ដាច់ការវ័យក្មេង លោក គីម ជុងអ៊ុន ចូលរួមនៅក្នុងពិធីបុណ្យសព របស់អតីតមន្ត្រីជាន់ខ្ពស់ គណបក្សពលករកូរ៉េ និង ជាមេបញ្ជាការជាន់ខ្ពស់យោធា នៅថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទឹកមុខក្រៀមក្រំបំផុត ព្រមទាំងសម្រក់ទឹកភ្នែកទៀតផង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ។

គណបក្សពលករកូរ៉េទាំងមូល បានសម្តែងនូវការគោរពវិញ្ញាណក្ខន្ធចំពោះ លោក រ៉ា អូហ៍ ស៊ុល ដែលបានទទួលមរណភាព នៅទីក្រុងព្យុងយ៉ាង ដោយជំងឺមហារីសសួត នៅអាយុ៩៤ឆ្នាំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រកបដោយភាពសោកស្តាយ ជាពន់ពេក។

នៅក្នុងពិធីបុណ្យសពនោះដែរ លោក គីម បានចូលរួមរំលែក ទុក្ខចំពោះក្រុមគ្រួសារនៃសព ហើយក៏បានសម្តែងនូវអារម្មណ៍ក្តុកក្តួល រហូតដល់សម្រក់ទឹកភ្នែកថែមទៀតផង ដោយធ្វើឲ្យពលរដ្ឋកូរ៉េខាង​ជើង និងមហាជនមានភាពភ្ញាក់ផ្អើលជាខ្លាំង​ ព្រោះមេដឹកនាំវ័យក្មេងរូបនេះ មិនធ្លាប់បង្ហាញពីអារម្មណ៍សោកស្ដាយ ម្ដងណាឡើយ។

គួរបញ្ជាក់ថា លោក រី អូហ៍ ស៊ុល គឺជាកូនអ្នកស្រែចំការ ដែលបានប្រសូត្រនៅឆ្នាំ១៩២១។ លោកធ្លាប់បានចូលរួម នៅក្នុងសង្គ្រាមប្រឆំាងជប៉ុន និង សង្គ្រាមកូរ៉េកាលពីឆ្នាំ១៩៥០ ដល់១៩៥៣។ លោកបានកាន់តំណែងកំពូលៗជាច្រើន នៅក្នុងគណកម្មាធិការមជ្ឈិមបក្ស ពលករ កូរ៉េ និង គណកម្មការការពារជាតិពីឆ្នាំ១៩៧០ ដល់២០១០៕