(មីយ៉ាន់ម៉ា)៖ គណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រី អង់សានស៊ូជី បានទទួលសម្លេងគាំទ្រប្លូកទឹកប្លូកដី ក្នុងព្រឹត្តិការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ដ៏កម្រ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ទោះបីជា​គណបក្សប្រឆាំងមួយនេះទទួលបាន​សម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសភាទាំងពីរ តែមេដឹកនាំលទ្ធិប្រជាធិបតេយ្យ​លោកស្រី អង់សានស៊ូជី នៅតែគ្មានសិទ្ធ ក្នុងការដឹកនាំរដ្ឋាភិបាលភូមា នៅក្នុងអាណត្តិក្រោយដែលមានរយៈពេលប្រាំឆ្នាំឡើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

តាមរដ្ឋធម្មនុញ្ញប្រទេស មីយ៉ាន់ម៉ា សមាជិកសភារបស់ពួកយោធានិយម​ នឹងទទួលបានសម្លេង២៥ភាគរយក្នុងសភាទាំងពីរដោយស្វ័យប្រវត្តិ ហេតុនេះពួកគេអាចមានសិទ្ធវេតូ ដើម្បីប្រឆាំងរាល់ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញបាន។ ​ហើយប្រសិនបើគ្មានការកែប្រែរដ្ឋធម្មនុញ្ញ នោះលោកស្រី អង់សានស៊ូជី នៅតែមិនអាចធ្វើជាប្រធានាធិបតីបានឡើយ។​

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ នឹងនៅតែបន្ត​ធ្វើជាអាជ្ញាធរជាន់ខ្ពស់ប្រចាំប្រទេស មីយ៉ាន់ម៉ា ដោយមានអំណាចគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល តាម​ការជ្រើសរើសរបស់ខ្លួន។

តាមរយៈការរាប់សន្លឹកឆ្នោតជាលើកដំបូងបានបង្ហាញថា គណបក្ស NLD របស់លោកស្រី ទទួលបានសម្លេងគាំទ្រជាង៨០ភាគរយ គឺខ្ពស់ជាង​៦៧ភាគរយ ដែលអាចឲ្យបក្ស NLD មានសិទ្ធគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។ ប៉ុន្តែទន្ទឹមនឹងនេះដែរ បក្ស NLD ចាំបាច់ត្រូវការសម្លេងខ្ពស់៧៥ភាគរយ ដើម្បីអាច​ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ តែជាអកុសលសម្លេងជាង២៥ភាគរយ នៅក្នុងសភាទាំងពីរ ស្ថិតក្នុងដៃរបស់ពួកយោធាទៅហើយ។ ហើយមេដឹកនាំរបបយោធានិយម បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេដាច់ខាតមិនគាំទ្រចំពោះការកែប្រែរដ្ឋធម្មនុញ្ញឡើយ។

តើនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស មីយ៉ាន់ម៉ា​ មានចែងដូចម្តេច ហើយមានទំនាក់ទំនងបែបណាជាមួយនឹងការឡើងកាន់អំណាចរបស់លោកស្រី អង់សានស៊ូជី?​
១.កូនប្រុសលោកស្រីមានសញ្ជាតិបរទេស មិនអាចឲ្យលោកស្រីធ្វើជាប្រធានាធិបតីបានឡើយ៖ យោងតាមជំពូកទី៣នៃរដ្ឋធម្មនុញ្ញបានចែងថា «ក្នុងនាមជាប្រធានាធិបតីម្នាក់ មិនអាចមានឪពុកម្តាយ ស្វាមីភរិយា ឬកូនណាម្នាក់ ដែលមិនមានភាពស្មោះស័្មគ្រ ឬលំអៀងទៅបរទេស ឬជាជនជាតិបរទេសឡើយ»។ ចំណុចនេះ​ស្តែងយ៉ាងច្បាស់ថា មេដឹកនាំបក្សប្រឆាំងរូបនេះ មិនអាច​ក្លាយជាប្រធានាធិបតីបានដោយសារ​កូនប្រុសទាំងពីរ មានសញ្ជាតិជាជនជាតិអង់គ្លេស។

២.ប្រធានាធិបតីចាំបាច់ត្រូវមាន​បទពិសោធន៍ផ្នែកយោធា៖ ក្នុងជំពូកទី៣ បានចែងថា «ក្នុងនាមជាប្រធានាធិបតីម្នាក់របស់ប្រទេស មីយ៉ាន់ម៉ា ចាំបាច់ត្រូវមានចំណេះដឹងលើកិច្ចការសំខាន់ៗដូចជាផ្នែកនយោបាយ រដ្ឋបាល សេដ្ឋកិច្ច និងយោធា»។ ជាការពិតលោកស្រី​ ស៊ូជីមិនធ្លាប់មានបទពិសោធន៍ផ្នែកយោធាឡើយ។

៣. អាសនៈនៅក្នុងសភាជាន់ខ្ពស់​ និងជាន់ទាបចំនួន២៥ភាគរយ ត្រូវតែជាកម្មសិទ្ធរបស់ពួក​យោធា៖ ក្នុងជំពូកទី៤ នៃរដ្ឋធម្មនុញ្ញបានចែងថា ក្នុងចំណោមអាសនៈទាំង៤៤០នៅក្នុងសភាជាន់ទាប​ សមាជិកសភាដែលត្រូវបានបោះឆ្នោតជ្រើសរើសមិនអាច​ច្រើនជាង៣៣០អាសនៈឡើយ ដោយទុក ១១០អាសនៈសម្រាប់សមាជិកសភា​ដំណាងឲ្យ​កងកម្លាំងយោធា។ ជាមួយគ្នានេះដែរ ក្នុងចំណោម​អាសនៈចំនួន២២៤នៅក្នុងសភាជាន់ខ្ពស់ អាសនៈចំនួន​៥៦អាសនៈ​គឺជាកម្មសិទ្ធរបស់​សមាជិក​មន្ត្រីការពារជាតិ ​ដែលតែងតាំងដោយ​មេបញ្ជាការការពារជាតិរបស់ប្រទេស មីយ៉ាន់ម៉ា។​

ដើម្បីកែប្រែរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវមានសម្លេងគាំទ្រខ្ពស់ជាង៧៥ភាគរយ ហេតុនេះលុះត្រាតែគណបក្ស NLD ទទួលបានសម្លេងគាំទ្របន្ថែមពី​សមាជិកសភាដែលជាពួកយោធាទាំងនោះ ទើបអាចមានសិទ្ធក្នុងការកែប្រែរដ្ឋធម្មនុញ្ញបាន។

៤.ប្រធានាធិបតីគ្មានអំណាច​ក្នុងការតែងតាំង​មន្ត្រីការពារជាតិ មន្ត្រីកិច្ចការផ្ទៃក្នុង ឬ​កិច្ចការព្រំដែនឡើយ៖ មានតែមេបញ្ជាការការពារជាតិប៉ុណ្ណោះដែលអាចតែងតាំងមន្ត្រីទាំងនោះបាន។ ចំណុចនេះ ធ្វើឲ្យ​មេបញ្ជាការការពារជាតិមានអំណាចលើ​ប្រធានាធិបតីទាំងក្នុងកិច្ចការពារជាតិ និងការរក្សាសន្តិសុខប្រទេស

៥.ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NDSC) នៅតែមានអំណាចខ្ពស់ក្នុងប្រទេស មីយ៉ាន់ម៉ាទាំងក្នុង និងក្រៅសភា៖ ជាអកុសល NDSC ភាគច្រើនត្រូវបានបង្កើតឡើងដោយមេបញ្ជាការយោធា។ ក្នុងរដ្ឋធម្មនុញ្ញបានចែងថា ក្នុងស្ថានភាពបណ្តោះអាសន្ នឬបន្ទាន់ណាមួយ NDSC មានសិទ្ធគ្រប់គ្រាន់ក្នុងការប្រើប្រាស់អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ​រហូតដល់សមាជិកសភាត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មី។ ហេតុនេះបក្ស NLD របស់លោកស្រី ត្រូវការចាំបាច់នូវការគាំទ្រពីសំណាក់គណបក្ស ឬបេក្ខជន និងសមាជិករបស់បក្សយោធានិយម ដើម្បី​បង្កើតរដ្ឋាភិបាលថ្មីមួយ។ តែជាក់ស្តែង​គណបក្សនយោបាយជាង១០០ និងបេក្ខជន​ទាំងអស់ដែលចូលរួមប្រកួតប្រជែងបោះឆ្នោត បែរជាគាំទ្រទៅលើរបបយោធានិយមទៅវិញ៕