(ចិន) ៖ បក្សកុម្មុយនីសចិន ដែលកំពុងកាន់អំណាច នៅថ្ងៃពុធនេះ បានចេញប្រតិបត្តិការស៊ើបអង្កេត លើអភិបាលរងក្រុងប៉េកាំង គឺលោកស្រី Lu Xiwen ដោយតាមរយៈរបាយការណ៍បានឲ្យដឹងថា លោកស្រីគឺជាមន្រ្តីស្រ្តីជាន់ខ្ពស់បំផុតមួយរូប ដែលបានធ្លាក់ឈ្មោះ ចូលក្នុងបញ្ជីស៊ើបអង្កេត នៃយុទ្ធនាការប្រឆាំងអំពើពុករលួយ របស់លោកប្រធានាធិបតី Xi Jinping នេះបើតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅល្ងាចថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។ 

លោកស្រីវ័យ៦០ឆ្នាំរូបនេះ ត្រូវបានរងការស៊ើបអង្កេត ដោយសង្ស័យថា បានបំពាននូវច្បាប់កម្រិតធ្ងន់ ដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយ នេះបើតាមស្ថាប័នជាតិប្រឆាំងអំពើពុករលួយ នៃបក្សកុម្មុយនីសចិន បានឲ្យដឹងតាមរយៈគេហទំព័រ។ លោកស្រី ​Lu ក៏មានតំណែងជាអភិបាលរងរដ្ឋធានីប៉េកាំង និងជាសមាជិកជំនួស នៃគណៈកម្មាធិការកណ្តាល ​​បក្សកាន់អំណាចផងដែរ។

គួរជម្រាបថា ស្រ្តីគឺកម្រមានតួនាទីកម្រិតខ្ពស់ណាស់ នៃអ្នកនយោបាយរបស់ចិន ហើយលោកស្រី Lu គឺជាមន្ត្រីស្រ្តីដែលមានឋានៈខ្ពស់ជាងគេបំផុត ដែលរងការស៊ើបអង្កេត ចាប់តាំងពីលោក Xi ឡើងកាន់តំណែង៕