(ប៉ារីស)៖ អតីតប្រធានសហព័ន្ធកីឡាអត្តពលកម្មពិភពលោក (IAAF) និងបច្ចុប្បន្នជាសមាជិកកិត្តិយសរបស់គណៈ កម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Lamine Diack បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយ ក្រោយពេល IAAF បែកធ្លាយរឿងអំពើពុករលួយ ជុំវិញការប្រើសារធាតុប៉ូវកម្លាំងរបស់អត្តពលិករុស្ស៊ី ។

ការសម្រេចចិត្តលាលែងពីតំណែងនេះដែរ គឺត្រូវបានធ្វើឡើង ក្រោយពេល IOC បានព្យួរមុខតំណែងរបស់លោកជា បណ្តោះអាសន្នកាលពី២ថ្ងៃមុន គ្រាដែលប៉ូលិសប្រទេសបារាំង បានកំពុងតែបើកការស៊ើបអង្កេតបញ្ហាមិនប្រក្រតី ជុំវិញ ការពិនិត្យរកសារធាតុញៀនក្នុងកីឡាអត្តពលកម្ម នាពេលអំឡុងរូបលោកកាន់តំណែងជាប្រធាន IAAF រយៈពេល១៦ឆ្នាំ ។

មិនត្រឹមតែបុរសវ័យ៨២ឆ្នាំ Diack នោះទេដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត ក្នុងនោះរួមមានកូនប្រុស Papa Massata របស់លោក និងទីប្រឹក្សា Habib Cisse ដែលសុទ្ធសឹងជាសមាជិករបស់ IAAF ក៏កំពុងស្ថិតក្នុងការស៊ើប អង្កេតដូចគ្នាដែរ ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ IOC ដែលត្រូវបានដកស្រង់ដោយ BBC បានឲ្យដឹងថា “លោក Diack ត្រូវបានគេ សង្ស័យថា មានការជាប់ពាក់ព័ន្ធអំពើពុករលួយ នឹងអត្តពលិកផ្នែកកីឡាអត្តពលកម្មរបស់រុស្ស៊ីជាច្រើនរូបកាលពីឆ្នាំ ២០១១ មុន Olympic Games 2012 នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសមួយឆ្នាំ” ៕