(​ស៊ី​រី​)៖ ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ផ្ដាច់ខ្លួន ISIS បាន​គំរាម​រុស្ស៊ី​តាមរយៈ​វីដេអូ​វីដេអូ​ថ្មី​មួយ ដោយ​បាន​អះអាង​ថា ពួកគេ​នឹង​វាយប្រហារ​ទៅកាន់​រុស្ស៊ី «​ក្នុង​ពេល​ឆាប់ៗ​នេះ​» ដើម្បី​ជា​ការសង​សឹង ដែល​លោកពូ​ទីន​គឃ្លើន​ហ៊ាន​លូកដៃ​ចូល​វាយប្រហារ​បក្ខពួក​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ CNN ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​។​

​នៅ​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជិត ៥​នាទី ក្រោម​ចំណងជើង​ថា «​មិនយូរ​នឹង​ឆាប់ ឈាម​នឹង​ក្លាយ​ជា​សមុទ្រនៅ​ក្នុង​ប្រទេស​​រុស្ស៊ី​» ហើយ​នៅក្នុង​វីដេអូ​នោះ ក្រុម ISIS បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​អគារ និង​ទីក្រុង​នៅក្នុង​ប្រទេស​រុស្ស៊ី ដោយ​ចេតនា​នៃ​ការបង្ហាញ​នេះ​គឺ​ដើម្បី​បញ្ជាក់​ថា ពួកគេ​នឹង​បំផ្លាញ​វា​នៅក្នុង​ពេល​ឆាប់ៗ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ចុង​ខែ​តុលា​កន្លងទៅនេះ យន្តហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី បាន​ធ្លាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ដោយ​បាន​សម្លាប់​មនុស្ស ២២៤​នាក់ ក្នុង​នោះ​សុទ្ធសឹងតែ​ជា​ជនជាតិ​រុស្ស៊ី ហើយ​ក្រោយពី​ធ្លាក់ ក្រុម​ឧទ្ទាម​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង ISIS បានប្រកាសថា វា​ជា​ទង្វើ​របស់​ពួកគេ​៕​