(តួកគី)៖ អំឡុងពេលនៃកិច្ចប្រជុំកំពូល G20 ដែលធ្វើនៅប្រទេសតួកគី មានជំនួបក្រៅផ្លូវការមួយរយៈពេល៣៥នាទី រវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្ដីពីស្ថានភាពនយោបាយនៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែន លោក Obama បានប្តេជ្ញា ថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ក្រុម ISIS និងបង្កើនកិច្ចការពារពីការវាយប្រហារណាមួយ ពីសំណាក់សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមទាំងនោះ។
ខណៈនោះដែរ លោក Obama ក៏បានជំរុញឲ្យរដ្ឋាភិបាលរុស្ស៊ីជាពិសេសគឺលោក Vladimir Putin ផ្តោតលើការប្រយុទ្ធប្រឆាំង នឹងក្រុមជីហាដនិយមនៅក្នុងប្រទេសស៊ីរីឲ្យកាន់តែខ្លាំងខ្លាផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិការនេះ៕