(ពោធិសាត់)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណបក្សប្រជាជន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្នុងភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ចំនួនជាង២០០គ្រួសារ។

នៅក្នុងឱកាសសំណេះសំណាលនេះ លោក ម៉ៅ ធនិន បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ និង ថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាល ដើរតាមមាគ៌ា គោលនយោបាយ គាំទ្រ និងបោះឆ្នោតជូនគណបក្ស គ្រប់ការបោះឆ្នោតកន្លងមក។

លោកអភិបាលខេត្ត បានបន្តទៀតថា ប្រទេសកម្ពុជាតាំងពីសម័យមុន មិនដែលមានសម័យណា ដែលប្រទេសយើងមានសុខសន្តិភាព ដូចសម័យក្រោមដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ធ្វើអោយមានឯកភាពជាតិ និងសន្តិសុខទូទាំងផ្ទៃប្រទេស។ ប្រសិនបើបងប្អូន ជ្រើសរើសមេដឹកនាំខុស នោះនឹងធ្វើអោយយើងគ្មានសេចក្តីសុខ ប្រទេសនឹងធ្លាក់ក្នុងភាពវឹកវរ ដូចសម័យមុនមិនខាន។

នៅក្នុងឱកាសនោះផងដែរ លោកបានដោះស្រាយ រាល់សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋ បានលើកឡើងផងដែរ។

ជាមួយគ្នានេះ លោក កែវ រតនៈ អនុប្រធានក្រុមការងារ ចុះជួយខេត្តពោធិ៍សាត់ និងជា ប្រធានក្រុមការងារស្រុកក្រគរ តាមរយៈ ឯឧ អេង គន្ធា អនុប្រធានក្រុមការងារស្រុកក្រគរ បានចែកធុងទឹកចំណុះ ២០០លីត្រ ដល់ប្រជាពលរដ្ឋទាំងជាង ២០០ គ្រួសារ។

ក្រោយបញ្ចប់កម្មវិធី សំណេះសំណាល លោកអភិបាល និងក្រុមការងារ បានរៀបចំបាយសាមគ្គី ជូនចាស់ព្រឹទ្ធាចារ្យ ចូលរួមពិសារ ជិត៤០០នាក់ផងដែរ។

ជាមួយគ្នានេះ លោក ម៉ៅ ធនិន បានឧបត្ថម្ភថវិកា ចំនួន៥០មឺុនរៀលជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ត របស់ឃុំ និង២លានរៀលជូនគណបក្សឃុំ យកទៅរក្សាទុកសម្រាប់ចូលបុណ្យសព ហើយលោក កែវ រតន: បានឧបត្ថម្ភថវិកា ជូនជនចាស់ជរា ដែលមកហូបបាយម្នាក់ៗ ចំនួន៥០០០រៀល ព្រមទាំងចេញថ្លៃបាយសាមគ្គីនេះផងដែរ៕