(កណ្តាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ដែលជាក្រុមចោរឆក់កាបូប៤ នាក់ក្នុងចំណោមបក្ខពួក​ ចំនួន១១នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ នៅចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។

សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ សុខ ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ អំពីភិនភាគ និងផ្លាកលេខម៉ូតូ របស់ជនល្មើសធ្វើសកម្មភាព ក្នុងករណីឆក់កាបូបខាងលើកម្លាំង ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋានក្រុងតាខ្មៅ បានសហការជាមួយ ប៉ុស្តិ៍ទាំង០៦ តាមមើលមុខសញ្ញាខាងលើ ហើយឃើញជនល្មើស នៅផ្ទះសំណាក់ទ្រី ម៉េង នៅ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ ទិត្យ ហេងចាន់រដ្ឋា និងម៉ូតូជាមធ្យោបាយ ធ្វើសកម្មភាព០២គ្រឿង ។ តាមចម្លើយសារភាព បានឈានទៅឃាត់ បក្ខពួកបាន០៣នាក់ទៀត នៅចំណុចកន្លែងលក់បបរស មុខឌីយ៉ាម៉ង់ នៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រួចបញ្ជូនមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការស្រាវជ្រាវ រកបក្ខពួកបន្ថែមទៀត
និងបន្តកសាងសំណុំរឿង តាមនីតិវិធី។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះបានបាត់បង់ កាបូបយួរដៃពណ៌ខ្មៅ០១ កាតATM ២សន្លឹក លុយខ្មែរ២.០០០រៀល ចំណែកវត្ថុតាង ដែលដកហូតពីជនល្មើសរួមមាន ម៉ូតូ០២គ្រឿង ម៉ាក SUZUKI nex ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1DD-1897 និងទី២ ម៉ាក SCOOPY.i ពណ៌សលាយខៀវ ផ្លាកលេខកណ្តាល1S-7333៕