(ភ្នំពេញ)៖ ប្រហុក គឺជាអាហារប្រចាំត្រកូលរបស់ប្រជាពលរដ្ឋខ្មែរ អាហារសម្លសម្លុករបស់ពលរដ្ឋខ្មែរ មិនដែលភ្លេច ឡើយផ្សំជាមួយប្រហុកទោះបីតិច ឬច្រើន ហើយប្រហុក ក៏ជាអាហារបម្រុងរបស់ប្រជាកសិករតាមទីជនបទផងដែរ។ មិនថាតែប្រជាពលរដ្ឋខ្មែរទូទៅនោះទេ ដែលចូលចិត្តប្រហុកនោះ ប្រហុកចិញ្ច្រាំ ក៏ជាអាហារប្រចាំថ្ងៃ របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅទីស្តីការក្រសួងការបរទេស បន្ទាប់ពីជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីឡាវ លោក ស៊ុម សាវ៉ាត នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា ប្រហុក គឺជាអាហារមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ហើយលោកតែងមានប្រហុកចិញ្ច្រាំមួយចាន សម្រាប់អាហារពេលល្ងាចជារៀងរាល់ថ្ងៃផងដែរ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលទឹកចុះអស់លោក ប្រហែលធ្លាប់បានឃើញហើយ តាមដងទន្លេសាប ផ្លូវទៅកំពង់ឆ្នាំងនៀក គឺជនជាតិជិះគោមកនៅពេញដងផ្លូវចាប់ត្រីតូចៗមកធ្វើប្រហុក។ ហើយប្រហុកនេះ ជាម្ហូបមូលដ្ឋានរបស់កម្ពុជា មិនមែនសម្រាប់តែប្រជាជន សូម្បីតែខ្ញុំសព្វថ្ងៃហ្នឹង ល្ងាចត្រូវមានប្រហុកចិញ្ច្រាំ មួយចានឲ្យខ្ញុំដែរ»។

ប្រហុកត្រូវបានគេធ្វើឡើង ដោយយកត្រីៗ ឬត្រីធំ មកទុកឲ្យហើមសាច់ ហើយបុកគ្រលុកលាយនឹងអំបិលឲ្យល្មម ហើយដាក់ផ្អាប់ក្នុងពាងទុក ឬ ក្រឡ។ ប្រហុកគេអាចយកទៅចិញ្ច្រាំហូបឆៅ បន្ទាប់ជាមួយបន្លែ ឬ យកលាយផ្សំ ជាមួយសម្ល និងច្នៃធ្វើជាម្ហូបផ្សេងៗជាច្រើនទៀត៕