(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញដល់ ជាអធិបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និង សួនច្បាររង្វង់មូលជ្រោយចង្វារត្រើយខាងកើត។

ពិធីសម្ពោធសមិទ្ធផលថ្មី ដែលបានបន្ថែមសម្រស់រាជធានីភ្នំពេញ ក្នុងទឹកដីជ្រោយចង្វារនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកស្រី ប៊ូ ចៀងហ្គូ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និង សិស្សា-សិស្សជាច្រើននាក់ផ្សេងទៀត។ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន គឺជាស្ពានទី៤ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសម្ពោធដាក់ឲ្យពលរដ្ឋកម្ពុជា ប្រើប្រាស់នៅក្នុងឆ្នាំ២០១៥នេះ។

ស្ពានជ្រោយចង្វារទី២ នេះ គឺជាការតភ្ជាប់សរសៃឈាមថ្មីលើវិថីដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ ហើយក៏បានជួយបញ្ចៀសការកកស្ទះនៅតំបន់នេះផងដែរ។