(ភ្នំពេញ)៖ លោក យូ ហេង អនុប្រធានសាខាកំពង់ផែអន្តរជាតិភ្នំពេញ បានចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារ ដោយផ្តោតសំខាន់ទៅលើ ផលិតផល ម្ហូបអាហារ ភេសជ្ជៈ ដើម្បីទប់ស្កាត់ការចរាចរជាយថាហេតុ នូវទំនិញម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់ ដែលអាជីវករកំពុងដាក់តាំងលក់ នៅតាមស្តង់លក់ទំនិញ ជាពិសេសធ្វើយ៉ាងណា ដើម្បីធានាអោយបាននូវសុវត្ថិភាព ដល់អ្នកប្រើប្រាស់។

លោក យូ ហេង បានឲ្យដឹងថា មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានចុះពិនិត្យជាប្រចាំ ទៅតាមផែការសកម្មភាពប្រចាំខែរបស់អគ្គនាយកដ្ឋាន។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការអប់រំ និងណែនាំដល់អាជីវករ ពីវិធីទុកដាក់ថែរក្សា ទំនិញឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ត្រូវចេះកត់សំគាល់អំពីលក្ខណៈបច្ចេកទេសទំនិញ ដែលបញ្ជាក់អំពីកាលបរិច្ឆេទ ប្រើប្រាស់សំបកវេចខ្ចប់ ប្រភពទំនិញ គឺជាបញ្ហាសំខាន់ដែលអាជីវករ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែយល់ដឹងឲ្យបានច្បាស់ ក្នុងគោលបំណងលើកំពស់ការយល់ដឹង អំពីសុវត្ថិភាពម្ហូបអាហា ជាពិសេសទប់ស្កាត់រំលោភលើកម្មសិទ្ធិបញ្ញា ការប្រើប្រាស់សារធាតុហាមឃាត់ ទៅក្នុងផលិតផលម្ហូបអាហារ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ។

លោកបន្តថា ការចុះធ្វើតេស្ត ជាបឋមលើ ផលិតផល ម្ហូបអាហារមិនទាន់កែច្នៃមួយចំនួន ដើម្បីរកសារធាតុហាមឃាត់ដូចជាសារធាតុ ហ្វ័រម៉ាលីន បូរ៉ាក់ សូដ្យូមអ៊ី ដ្រូស៊ុលហ្វីត ដើម្បីរក្សាភាពស្រស់បានយូរ និងស្វិតល្អនៅក្នុងផលិតផលម្ហូបអាហារ ការប្រើប្រាស់ សារធាតុ ទាំងនៅក្នុងផលិតម្ហូបអាហារ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើយ៉ាងធ្ងន់ធ្ងរ ៕