(ភ្នំពេញ)៖ ២៣ តុលា ២០១៥ គឺជាឆ្នាំទី ២៤ហើយ (២៣ តុលា ១៩៩១- ២៣ តុលា ២០១៥) ដែលប្រមុខដឹក នាំខ្មែរ ៤ភាគី បានបើកកាយ បើកចិត្ត និងបេះដូង ចូលជួបចរចាគ្នា បើកទំព័រសករាជថ្មី លើទឹកដីកម្ពុជា នាំមកនូវ សន្តិភាព និងបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជាច្រើនទសវត្សរ៍ ឈានដល់បង្កើតបាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយក៏ជាការឯកភាពជាប្រវត្តិសាស្រ្តរបស់ខ្មែរផងដែរ។ ស្មារតី នៃ កិច្ចព្រមព្រៀង នេះ ជាគំរូ និងលំអាន គួរចងចាំសម្រាប់អ្នកនយោបាយ និងប្រជាពលរដ្ឋគ្រប់និន្នាការ ដើម្បី បញ្ចៀសមិនឲ្យកង់ ប្រវត្តិសាស្រ ដ៏ខ្មៅងងឹតនេះ វិលមកគ្របដណ្តប់លើដែនដី និង ជាតិកម្ពុជាជាថ្មី។

កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ បានឈានដល់ការចុះកិច្ចព្រមព្រៀងជាច្រើនចំណុច (ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស) ត្រូវ បានចុះហត្ថលេខា ដោយអង្គការសហប្រជាជាតិ ប្រមុខការទូត នៃប្រទេសចំនួន ១៧ និងប្រទេសកម្ពុជា ដែល មានភាគីជម្លោះខ្មែរទាំង ៤ក្រុម រួមមានក្រុមសម្តេចសីហនុនិយម ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចទាំងពីរ សម្តេច ជា ស៊ីម និងសម្តេចហ៊ុន សែន ដោយមានប្រទេសបារាំង និង ឥណ្ឌូនេស៊ីជាសហប្រធាន។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍កិច្ចឈប់បាញ់ និងការរំសាយអាវុធនៅក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរ ទាំង៤, ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានមតិជាច្រើន លើកឡើងខុសៗគ្នា ដោយមតិខ្លះ បានអះអាង ថា កិច្ចព្រមព្រៀងនេះលេចវត្តវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយ រលត់ នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែក ភាគីជម្លោះរបស់ខ្មែរជាដើម។

បើទោះបីមានការមើលឃើញបែបនេះយ៉ាងណាក្តី តែចំណុចមួយ ដែលមានតម្លៃ និងជាគំរូវីរភាពមិនគួរមើលរំលង នោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺពិតជាបានកើតចេញពីស្មារតី ពីសុឆន្ទៈ និង ព្រះរាជបញ្ញាញាណ របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ និង ការគិតគូរពីប្រយោជន៍ ជាតិ របស់នាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន រួមនិងថ្នាក់ឥស្សរជនខ្មែរជាច្រើនរូប ទៀត។

សំណេរចំនួន ៧ទំព័រ (ប្រវត្តិដំណើរការ នៃកិច្ចចរចាស្វែងរកសន្តិភាព ដែលសរសេរដោយសម្តេចតេជោ ហ៊ុន សែន ហត្ថលេខី នៃកិច្ចព្រមព្រៀង) ស្តីពីដំណើរឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស របស់សម្តេចតេជោហ៊ុន សែន ហត្ថលេខីមួយរូបលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅកម្ពុជា គឺជាតឹកតាងបង្ហាញឲ្យឃើញកាន់តែជាក់ច្បាស់ថែម ទៀតថា កិច្ចព្រមព្រៀងនេះ ពិតជាបានកើតចេញសុឆន្ទៈ និងស្មារតីរបស់ខ្មែរ និងខ្មែរ វាមិនពឹងផ្អែកលើឥទ្ធិពលបរ ទេសមួយមុខនោះឡើយ។

បើតាមសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួបចរចារវាងព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ បានធ្វើឡើងជាច្រើនលើកច្រើនសារ ដោយមានកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលពីប្រទេសឥណ្ឌូនេស៊ីផងដែរ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានព្យាយាមរក និងដាក់ចេញ នូវរូបមន្តជាច្រើន ដើម្បីបើកកិច្ចចរចា និងសម្រេចនូវកិច្ចព្រមព្រៀងនានា ជាមួយព្រះបរមរតនកោដ្ឋសម្តេច នរោ ត្តម សីហនុ ប្រមុខដឹកនាំចលនាតស៊ូក្នុងព្រៃ តាមជួរភ្នំដងរែកជាប់ព្រំដែនថៃ មុនមូលមតិជារួមឈានទៅកាន់តុចរ ចានាទីក្រុងប៉ារីស។

នឹកដល់ថ្ងៃទី២៣ តុលា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទោះបីរយៈពេលកន្លងផុតទៅ ២៤ឆ្នាំក្តី តែធ្វើឲ្យខ្ញុំ ជាយុវជនស្រករក្រោយ បើទោះបីមិនបានធំធាត់ក្នុងដំណាក់កាលប្រទេសកើតកល់យុគ ឬ ក្នុងយុគសម័យខ្មៅ ងងឹតកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត យ៉ាងណាក្តី តែចំហាយសង្រ្គាមក្នុងដំណាក់កាលចុងក្រោយ បានធ្វើខ្ញុំ ជ្រាប ច្បាស់ពីទុក្ខវេទនា នៃឥទ្ធិពលសង្រ្គាមនេះ។ ជាយុវជន ដែលបានចាប់កំណើតលើទឹកដីខេត្តក្រចេះ ដែនដីភូមិភាគ ឦសានប្រទេសអំឡុងទសវត្សរ៍ឆ្នាំ៨០ ខ្ញុំនៅចាំបានដល់ព្រឹត្តិការណ៍ «ក៥» (១៩ កក្កដា ១៩៨៤-១៩ ៨៨)។ «ក៥» គឺជាព្រឹត្តិការណ៍ ដែលរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា បានកែនបុរសពេញកម្លាំង បូករួមទាំងយុវជនផងដែរ ចូលបម្រើកងទ័ព ដើម្បីតស៊ូប្រយុទ្ធជាមួយចលនាតស៊ូដណ្តើមអំណាចនៅតាមទល់ដែន បូករួមទាំងកម្លាំង ខ្មែរ ក្រហម ដែលសេសសល់ផងដែរ។

ព្រឹត្តិការណ៍ «ក៥» ថ្វីត្បិតពេលនោះរូបខ្ញុំ ទើបមានអាយុប្រមាណជា ៦-៧ឆ្នាំ តែរហូតដល់ពេលនេះ នៅតែចងចាំ ដក់ជាប់អារម្មណ៍មិនអាចភ្លេចនោះឡើយ។ ក្នុងគ្រួសារ ដែលមានលោកឪពុកជាបង្គោលគ្រួសារ ប្រែជាជួបនូវការ លំបាកសព្វបែបយ៉ាង គ្រាបង្គោលគ្រួសាររូបនេះ ត្រូវបានរដ្ឋាភិបាល ចាត់តាំងទៅធ្វើជាទាហ៊ាន ដើម្បីទប់ទល់ការ ប៉ុនប៉ងវិលវិញ នៃរបបកម្ពុជាប្រជាធិបតេយ្យ។

ទុក្ខវេទនា គ្រាលោកឪពុកចេញបង្ហូរឈាមនៅទល់ដែន មិនថា តែគ្រួសារខ្ញុំ ឬគ្រួសារដទៃនោះទេ បានជួបការលំ បាកយ៉ាងខ្លាំង ដោយអ្នកម្តាយត្រូវធ្លាក់ខ្លួនឈឺដេកលើកន្ទេល រហូតបង្ខំចិត្តឲ្យរូបខ្ញុំ ដែលជាកុមារាមានអាយុ ទើប ៧ឆ្នាំ ត្រូវចុះទូកនេសាទក្នុងដងទន្លេមេគង្គរកត្រីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ព្រឹត្តិការណ៍ «ក៥» នេះ ធ្វើឲ្យខ្ញុំចងចាំមិនភ្លេចផងដែរ គឺការផ្ញើអាហារទៅលោកឪពុកនៅទល់ដែន។ ការផ្ញើអា ហារគ្រាក្បួនរថយន្តកំពុងបន្តកន្ទុយគ្នានោះ អ្នកបញ្ជារថយន្តដឹកកងទ័ពមិនបានឈប់ឲ្យយើងផ្ញើតាមសម្រួល ឡើយ ពេលនោះពងទាជាច្រើនគ្រាប់ ដែលអ្នកម្តាយរបស់ខ្ញុំខ្ចប់ផ្ញើលោកឪពុកនៅទល់ដែន ត្រូវគប់ឲ្យកងទ័ពលើ រថយន្ត ដែលស្គាល់គ្នាចាប់ ពេលខ្លះចាប់មិនបាន ក៏ធ្លាក់មកវិញបែកអស់ក៏មាន។

ការរំលឹកនូវព្រឹត្តិការណ៍នេះ គឺខ្ញុំចង់រំលឹកនូវសម័យសង្រ្គាម ដ៏ខ្លីមួយរវាងខ្មែរ និងខ្មែរគ្នាឯង ដែលខ្ញុំបានដឹង និង បានចូលរួមស្រូបយករសជាតិ នៃផលលំបាកកើតចេញពីភ្លើងសង្រ្គាមនេះ ទុកជាការចងចាំមួយ សម្រាប់យុវជន ដទៃទៀត កុំចង់ភ្លក់នោះឡើយ។

សក្ខីកម្ម នៃសង្រ្គាមកើតចេញពីជម្លោះរវាងខ្មែរ និងខ្មែរដំណាក់កាលចុងក្រោយនេះ ក៏បាននាំមកនូវភាពសោក សៅដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ផងដែរ។ ព្រឹត្តិការណ៍ «ក៥» មានពលរដ្ឋខ្មែរមិនតិចឡើយ បានស្លាប់ ដោយសារគ្រាប់ ដោយសារជំងឺ ខ្លះធ្លាក់ខ្លួនពិការក៏មានពេញមួយជីវិត។ តើបញ្ហាទាំងនេះ គួរបន្ទោសអ្នកណា? មិនអាចស្វែងរកអ្នក មកបន្ទោសបានឡើយ ត្បិតវាជាការជះឥទ្ធិពល នៃសង្រ្គាមដណ្តើមអំណាច ក្នុងពិភពលោក

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការស្ពានជ្រោយចង្វារមិត្តភាព កម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ បានធ្វើការរំលឹកថា សង្រ្គាមនៅ កម្ពុជា ប្រហែលជាគ្មានឡើយ បើគ្មានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ចេញពីប្រមុខរដ្ឋ ២៨ មីនា ១៩៧០។ បើគ្មានរដ្ឋប្រហារ ១៩៧០ ក៏គ្មានចលនាតស៊ូរំដោះជាតិរបស់សម្តេច ហើយក៏ប្រហែលជាគ្មានកិច្ចព្រមព្រៀងទី ក្រុងប៉ារីសនោះដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បើគ្មានរដ្ឋប្រហារ គ្មានភ្លើងសង្រ្គាម មិនដឹងថា កម្ពុជា នឹងរីកចម្រើន ខ្លាំងប៉ុណ្ណានោះឡើយ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺពិតជាបាននាំមកនូវពន្លឺថ្មី នៃវិថីសន្តិភាពនៅកម្ពុជា។ វាច្បាស់ណាស់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចពន្លត់ឲ្យរលាយរលត់ទៅទាំងស្រុងនូវកម្លាំងប្រដាប់អាវុធ របស់កង កម្លាំងខ្មែរក្រហមនោះឡើយ ដែលទាមទារឲ្យបុរសខ្លាំងតេជោ ហ៊ុន សែន ដាក់ចេញកិច្ចចរចាជាច្រើនទៀត តាម រយៈយុទ្ធសាស្រ្តឈ្នះ ឈ្នះ និងត្រូវចូលជម្រុំសត្រូវរបស់ខ្លួន រហូតអន្ទងអូសទាញឲ្យកម្លាំងខ្មែរក្រហមនៅជាយ ដែនក្នុងខេត្តប៉ៃលិន និងឧត្តរមានជ័យ ធ្វើសមាហរណកម្មទម្លាក់អាវុធ ព្រមចូលរួមរស់ក្រោមដំបូល «ព្រះរាជាណា ចក្រកម្ពុជា ប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យធម្មនុញ្ញ»។

ត្បិតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបានធ្វើឲ្យខ្មែរបញ្ចប់ទាំងស្រុងនូវជម្លោះរបស់ខ្មែរ តែក៏ជាការត្រួស ត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមួយ មានការបោះឆ្នោត និង មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកង ទ័ពបរទេសលើទឹកដីកម្ពុជាផងដែរ។ ជាពិសេសកិច្ចព្រមព្រៀងនេះ បាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញផងដែរ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ ពីប្រទេស ដែល ស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មី ទាំងកត្តាសេដ្ឋ កិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មក ពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

បើទោះបីភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់អាចបំពេញចិត្តពលរដ្ឋខ្មែរគ្រប់និន្នាការយ៉ាងណាក្តី តែភាពរីកចម្រើននេះ វាពិតជាបាននិងកំពុងធ្វើឲ្យទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ គ្រប់និន្នាការអាចរស់ ដោយមានសេចក្តីសុខទាំងអស់គ្នា គ្រាន់តែអ្នកខ្លះមានសេចក្តីសុខតិចតួច និងខ្លះទៀត មានសេចក្តីសុខច្រើនបរិ បូរណ៍តែប៉ុណ្ណោះ។

តឹកតាំងភ្លើងសង្រ្គាមកើតចេញពីការដណ្តើមអំណាចរបស់មេដឹកនាំខ្មែរ បានក្លាយជាសំណល់សោកសៅសម្រាប់ មាតុភូមិកម្ពុជា និងរុញច្រានប្រទេស ដែលធ្លាប់តែខ្លាំងក្លាមួយនេះ ធ្លាក់ទន់ខ្សោយដល់ដំណាក់សូន្យ ដែលអ្នក នយោយខ្មែរ និងប្រជាពលរដ្ឋគ្រប់និន្នាការ គួរដល់ពេលត្រូវបញ្ចប់នូវការដណ្តើមអំណាច ក្រោមមហិច្ឆតាពិស ពុល ជាពិសេសការប្រើប្រជាភិថុតិ ដែលនាំឲ្យពលរដ្ឋខ្មែរយល់ច្រឡំ មិនដឹងថា អ្វីស ឬ អ្វីទៅខ្មៅ ជាប្រការផុយ ស្រួយរុញកម្ពុជាធ្លាក់ក្នុងអសន្តិសុខ អស្ថេរភាព នៃសង្គមជាតិ ៕ (ដោយ៖ វ៉ាន់ សារាយ)