(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈ Facebook Page របស់លោកថា គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីតិចណូ សម្រេចបាន ៨៦%នៃគម្រោង ហើយសកម្មភាពការដ្ឋាននៅថ្ងៃនេះ រួមមានការដោះក្តារពុម្ព ការដំឡើងពុម្ព និងចាក់បេតុងបង្កាន់ដៃ ការរឹតខ្សែកាបស្ពាន ការពង្រីកផ្លូវ។ ដោយឡែកចំពោះអាងស្តុកក្រោមដី និងការបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិបានបព្ចាប់១០០%ហើយ។

សូមជម្រាបថា ថ្លែងប្រកាសនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់មូលស្តាតចាស់ និងសួនច្បាររង្វង់មូល ជ្រោយចង្វារត្រើយខាងកើត ​កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ស្ពានអាកាសតិចណូ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់ប្រើប្រាស់ នៅថ្ងៃបុណ្យអ៊ុំទូកថ្ងៃទី២៤-២៥-២៦ ខែវិច្ឆិកា ខាងមុខនេះ៕