(សៀមរាប)៖ យុវជនម្នាក់ដែលគំរាមសម្លាប់ សម្តេចក្រឡាហោម ស ខេង នៅលើបណ្តាញសង្គម Facebook ត្រូវបានដោះលែងកាលពីម្សិលមិញ បន្ទាប់តុលាការ ខេត្តសៀមរាបចេញសាលក្រម សម្រេចឱ្យជាប់ពន្ធានគាររយៈពេល១៥ខែ ប៉ុន្តែអនុវត្តទោសត្រឹមតែ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃចាប់ខ្លួន កាលពីខែកញ្ញាមក។ នេះបើតាមកញ្ញា ថា រ័ត្នថុន មេធាវីជនជាប់ចោទ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃសោរ៍ ទី៣១ ខែតុលា​ ឆ្នាំ២០១៥ ។

យុវជន តៅ សាវឿន អតីតនិស្សិត រៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីសរសេរគំរា​មសម្លាប់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គម Facebook ដោយគំរាមថា នឹងបោកគ្រាប់បែកឱ្យស្លាប់ ពេលសម្តេចក្រឡាហោម ស ខេង ទៅដល់ខេត្តសៀមរាប ដើម្បីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ South-East Asia។

សវនាការរបស់លោក តៅ សាវឿន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ។ លោក ឈុន ច​ន្ទ័​សីហា ​ចៅក្រម​ជំនុំជម្រះរឿងក្តីយុវជនខាងលើ ធ្លាប់បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ​ឱ្យដឹងថា​ក្រោយពិនិត្យ និងថ្លឹងថ្លែងរួច តុលាការបានសម្រេចកាត់ទោស យុវជន តៅ សាវឿន ឱ្យជាប់ទោសចំនួន១៥ខែ ប៉ុន្តែអនុវត្តទោសត្រឹមតែ១ខែ ដោយសារតែ យុវជនខាងលើបានសារភាព និងពុំមានចេតនាធ្វើដូចអ្វីដែលគេសរសេរ។

សូមជំរាបថា នាពេលកន្លងទៅ ក្រុមគ្រួសារ និងយុវជន តៅ សាវឿន បានធ្វើលិខិតសុំទោសចំពោះសម្តេចក្រឡាហោម ស​ ខេង ជាបន្តបន្តាប់ ហើយក្រោមមកសម្តេច ស ខេង ក៏បានសម្តែងការសោកស្តាយចំពោះសកម្មភាពល្មើសរបស់យុវជនតៅ សាវឿន ផងដែរ ដោយសម្តេចបានបញ្ជាក់ម្តងហើយម្តងទៀតថា សម្តេចមិនបានប្តឹងទៅយុវជនខាងលើទេ៕