(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យអភិបាលរងខេត្តម្នាក់ ចុះអង្កេត និងពិនិត្យ មើលលើករណីអភិបាលស្រុកព្រៃនប់ ចាក់ដីលុបផ្លូវទឹក ដឹកកសិផលរបស់ប្រជាពលរដ្ឋ យកទៅសាងសង់ផ្ទះ ដែលកំពុងនាំឲ្យប្រជាពលរដ្ឋក្តៅក្រហាយជាខ្លាំង។

លោក យន្ត មីន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ នៅរសៀលម៉ោងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ករណីលោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ លួចចាក់ដីសង់ផ្ទះរំលោភលើដីដឹកកសិផល បង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋនោះ លោកបានដាក់បទបញ្ជាឲ្យលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្រ្តីចុះទៅអង្កេតហើយនាល្ងាចថ្ងៃនេះហើយ។

លោក សុខ ផន នារសៀលថ្ងៃដដែលនេះ ក៏បានបញ្ជាក់ឲ្យដឹងដែរថា លោកនឹងដឹកនាំមន្រ្តីជំនាញចុះអង្កេតរឿងនេះ ចំណែកលទ្ធផលយ៉ាងណានោះនឹងផ្តល់នៅពេលក្រោយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ ប្រជាពលរដ្ឋរស់នៅក្នុងឃុំវាលរេញជាច្រើនគ្រួសារ បាននាំគ្នា លើកឡើងថា ផ្លូវទឹកភ្ជាប់មកផ្លូវជាតិលេខ៣ ត្រង់ចំណុចដីបឹងស្ពានទី១ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាផ្លូវទឹកដឹកជញ្ជូនកសិផលជាច្រើនឆ្នាំកន្លងមក ត្រូវបានលោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ លួចចាក់ដីសង់ផ្ទះជាច្រើនថ្ងៃមកហើយ។

ប្រជាពលរដ្ឋបានរិះគន់ថា សកម្មភាពចាក់ដីសង់ផ្ទះផ្ទាល់ខ្លួន របស់អភិបាលស្រុករូបនេះ ជាទង្វើដែលមិនអាចទទួលយកបាន ហើយបានស្នើដល់អាជ្ញាធរថ្នាក់ខេត្ត ជាពិសេសលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលទើបនឹងឡើងកាន់តំណែង ចុះត្រួតពិនិត្យមើល ដើម្បីឱ្យផ្លូវនេះ អាចធ្វើដំណើរបានដូចប្រក្រតីឡើងវិញ។

សូមជំរាបថា នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានដាស់តឿនឱ្យមន្រ្តីតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់ជួយមើល និងដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋឱ្យបានល្អ ហើយសម្តេចក៏បញ្ជាក់ដែរថាដែរ បើអាជ្ញាធរ មិនបានកែប្រែខ្លួនឱ្យល្អទេនោះ នឹងពុំមានឱកាសបម្រើប្រជាពលរដ្ឋតទៅទៀតឡើយ៕