(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតស្ថានកុងស៊ុល ដែលមានទីតាំងនៅខេត្តសៀមរាប មានវិសាលភាពគ្រប់ដណ្តប់ការងារក្នុងខេត្តចំនួន៦ នៅទិសឧត្តរ និងទិសពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានស្នើសុំបង្កើតស្ថានកុងស៊ុលនៅក្នុងខេត្តសៀមរាប ដែលគ្រប់ដណ្តប់ខេត្តចំនួន៦ គឺខេត្តសៀមរាប បាត់ដំបូង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថា នៅថ្ងៃអនាគតអាចពីមួយឆ្នាំ ទៅពីរឆ្នាំទៀត រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងស្នើដំឡើងទៅជាស្ថានអគ្គកុងស៊ុលវិញ។

ចំពោះសំណើនេះ ខាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានយល់ព្រមនឹងសំណើរបស់រដ្ឋាភិបាលកូរ៉េរួចហើយ៕