(ភូមា)៖ លោកស្រី អង់សានស៊ូជី ជា​អ្នកនយោបាយជនជាតិភូមា និងជាមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ប្រចាំប្រទេស មីយ៉ាម៉ាដែលមានឈ្មោះថា សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ(NLD)។ គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០កន្លងទៅនេះ លោកស្រី ត្រូវបានជាប់ឃុំនៅក្នុងលំនៅដ្ឋានរបស់ខ្លួន​ ក្នុងរយៈពេលសរុបប្រមាណជាង១៥ឆ្នាំទៅហើយ​ រហូតជាប់ឈ្មោះក្លាយជា​អ្នកទោសនយោបាយដែលជាប់ឃុំយូរជាងគេលើពិភពលោក។ ​

ទោះបីជាយ៉ាងនេះ លោកស្រី បានក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ដែលទទួលបាន​ពានរង្វាន់​ និងមេដាយកិត្តិយសជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ។

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនេះ​អ្នកនយោបាយដ៏ស្វិតស្មាញរូបនេះ បានប្រកាសក្នុងគេហទំព័រ​នៃវេទិកាសេដ្ឋកិច្ចពិភពលោកថា លោកស្រី មានបំណងចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ២០១៥នេះ។ នៅទីបំផុត ព្រឹត្តិការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ដ៏កម្រក្នុងប្រវត្តិសាស្ត្រ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ហើយលទ្ធផលបានបង្ហាញថា អតីតអ្នកទោសរូបនេះទទួលបានសម្លេងគាំទ្រប្លូកទឹកប្លូកដី។

ខាងក្រោមនេះជាប្រវត្តិសង្ខេបៗខ្លះពីដំណើរជីវិតដ៏ជូចត់របស់ស្ត្រី​លេចធ្លោរូបនេះ ក្នុងឆាកនយោបាយ ប្រទេសមីយ៉ាន់ម៉ា៖

១. ជីវិតផ្ទាល់ខ្លួន៖

លោកស្រី អង់សានស៊ូជី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥ នៅក្នុង​ទីក្រុង Rangoon ដែលបច្ចុប្បន្នត្រូវបានគេប្រែឈ្មោះថា Yangon។​ ឪពុករបស់លោកស្រី គឺលោក អង់សាន ជាអ្នកស្វែងរកឯករាជ្យជាតិពីចក្រភពអង់គ្លេស ជូន​ប្រទេស មីយ៉ាន់ម៉ា ក្នុងឆ្នាំ១៩៤៧ តែជាអកុសល លោកត្រូវបានគូប្រជែងធ្វើឃាតក្នុងឆ្នាំនោះតែម្តង។ ហេតុនេះ លោកស្រីត្រូវរស់នៅ និងធំដឹងក្តីឡើង ជាមួយម្តាយដែលមានឈ្មោះថា Khin Kyi និងបងប្អូនប្រុសពីរនាក់ ដែលក្នុងនោះ ម្នាក់ត្រូវស្លាប់ដោយសារលង់ទឹក និងម្នាក់ទៀតបានទៅរស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាម៉េរិក និងទទួលសញ្ជាតិបរទេសតែម្តង។ ក្រោយមកគ្រួសារលោកស្រីបានផ្លាស់ទីលំនៅ ធ្វើឲ្យក្មេងស្រីម្នាក់នេះ ជួបជាមួយមនុស្សដែលមានប្រវត្តិរស់នៅ និន្នាការនយោបាយ និងសាសនាខុសៗគ្នាជាច្រើន។ បន្ទាប់ពីការចំណាយពេលជាច្រើន ក្នុងការសិក្សានៅសាលាភាសាបរទេស Methodist English High School ធ្វើឲ្យអង់សានស៊ូជី ក្លាយជាមនុស្សដែលស្ទាត់ជំនាញផ្នែកភាសាបរទេស។

ម្តាយលោកស្រីក៏ជាតួអង្គនយោបាយដ៏សំខាន់មួយរូបផងដែរ ហើយធ្លាប់ត្រូវបានគេតែងតាំងជាមន្ត្រីឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេស ឥណ្ឌា និងនេប៉ាល់​។ ហេតុនេះលោក អង់សានស៊ូជី ត្រូវផ្លាស់ទីលំនៅតាមម្តាយ ហើយបន្តការសិក្សានៅបរទេសអស់រយៈពេលជាច្រើនឆ្នាំ រហូតបានជួបជាមួយស្វាមីរបស់លោកស្រីដែលជាជនជាតិបរទេសមានឈ្មោះថា Dr Michael Aris។ លោកស្រី​បានរៀបអាពាហ៌ពិពាហ៌​ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧២ និងមានកូនប្រុសពីរនាក់។ បន្ទាប់ពីការបំពេញការងារនៅក្រៅប្រទេសបានមួយរយៈ នៅឆ្នាំ១៩៨៨ លោកស្រីបានវិលត្រឡប់មកមាតុប្រទេស​វិញ ហើយបានដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ជាអកុសលស្វាមីលោកស្រីមានជំងឺមហារីកក្រពីងប្រូស្តាត ហើយស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៩៩ ដែលជាថ្ងៃខួបកំណើត​៥៣ឆ្នាំរបស់លោក។ ក្នុងពេលនោះ លោកស្រីត្រូវហែលឆ្លងការឈឺចាប់ជាច្រើន។ ចាប់តាំងពីការចាប់ឃុំឃាំងក្នុងលំនៅដ្ឋាន​ជាលើកដំបូង ក្នុងឆ្នាំ១៩៨៩ លោកស្រី មានឱកាសជួបស្វាមីត្រឹមតែប្រាំដងតែប៉ុណ្ណោះ មុនពេលលោកស្លាប់បាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ស្ត្រីមេម៉ាយរូបនេះ ក៏ត្រូវបានគេបំបែកចេញពីកូនៗផងដែរ ដោយពួកគេត្រូវរស់នៅចក្រភពអង់គ្លេស រហូតដល់ឆ្នាំ២០១១កន្លងទៅនេះ ទើបពួកគេអាចជួបគ្នាជាថ្មីម្តងទៀត។

កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០៨កន្លងទៅនេះ បន្ទាប់ពីព្យុះស៊ីក្លូន Nargis វាយប្រហារប្រទេស មីយ៉ាន់ម៉ា ធ្វើឲ្យលំនៅដ្ឋានចាស់ទ្រុឌទ្រោមរបស់លោកស្រីត្រូវខូចខាត​ដំបូល និងត្រូវកាត់ផ្តាច់ពីប្រព័ន្ធអគ្គីសនី ហេតុនេះ លោកស្រីត្រូវប្រើប្រាស់ទានសម្រាប់ដុតបំភ្លឺនៅពេលរាត្រី ព្រោះលំនៅដ្ឋានលោកស្រី គ្មានម៉ាស៊ីនភ្លើងនោះទេ។ តែនៅខែសីហា ឆ្នាំ២០០៩ ទើបមានព័ត៌មានឲ្យដឹងថា គេហដ្ឋានរបស់លោកស្រី ត្រូវបានគេជួសជុលជាថ្មី។

ការប្រលូកក្នុងឆាកនយោបាយជាលើកដំបូង៖

លោកស្រី អង់សានស៊ូជី វិលត្រឡប់ចូលប្រទេសកំណើតវិញក្នុងឆ្នាំ១៩៨៨ ស្របពេលដែលមេដឹកនាំយោធានិយម និងជាមេដឹកនាំបក្សកាន់អំណាចបានចុះចេញពីដំណែង។ ហេតុនេះ ការធ្វើបាតុកម្មដើម្បីទាមទាមលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំមួយបានផ្ទុះឡើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ រហូតជាប់ឈ្មោះថា ជាការងើបបះបោរ៨៨៨៨ (8888 Uprising) ដោយមានលោកស្រីផ្ទាល់ជាអ្នកដឹកនាំ។ យ៉ាងនេះក្តី នៅខែកញ្ញា ឆ្នាំដដែល ក្រុមយោធានិយមបានធ្វើរដ្ឋប្រហារ និងឡើងកាន់អំណាចបន្ត។

លោកស្រី ស៊ូជី បានប្រឡូកក្នុងការងារនយោបាយ ដើម្បីស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេស មីយ៉ាន់ម៉ា ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៨៨ លោកស្រីក៏បានជួយបង្កើតគណបក្ស​សម្ព័ន្ធភាពជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ឡើង។ តាំងពីឆ្នាំ ១៩៨៩មក លោកស្រីត្រូវបានគេឃុំឃាំងក្នុងលំនៅដ្ឋានជាច្រើនលើកច្រើនសារ រហូតដល់ឆ្នាំ២០១០ ទើបលោកស្រីត្រូវបានដោះលែងឲ្យនៅក្រៅឃុំរហូតមកទល់បច្ចុប្បន្ន។

ក្នុងអំឡុងនៃការចាប់ខ្លួន លោកស្រីអាចមានជម្រើស​នៅក្រៅឃុំបាន លុះត្រាតែចាកចេញទៅក្រៅប្រទេស តែលោកស្រីបដិសេធសំណើរនេះ។ គ្រប់ពេល​នៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ លោកស្រីបាន​ពលីជីវិតជាមួយនឹងការភាវនាធម៌របស់ពុទ្ធសាសនា និងសិក្សាពីការស្តីប្រដៅរបស់ព្រះពុទ្ធ។

កាលបរិច្ឆេទនៃការចាប់ខ្លួន និងការដោះលែងជាច្រើនលើកច្រើនសារ៖

· ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៩៖ ត្រូវបានឃុំឃាំងក្នុងលំនៅដ្ឋាន ក្រោមច្បាប់អាជ្ញាសឹករបស់ប្រទេស មីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យឃុំខ្លួនមនុស្សដោយមិនចាំបាច់មានការចោទប្រកាន់។

· ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៥៖​ដោះលែងពីការឃុំឃាំង។

· ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០០៖ ត្រូវឃុំឃាំងក្នុងលំនៅដ្ឋានជាថ្មី។

· ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២៖ ដោះលែងជាថ្មី បន្ទាប់ពី​ការឃុំឃាំងរយៈពេល​១៩ខែ។

· ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៣៖ ត្រូវបានចាប់ខ្លួនរយៈពេលបីខែ​ដោយសម្ងាត់ ក្រោយមកទើបបញ្ជូនទៅឃុំឃាំងនៅក្នុងគេហដ្ឋានដូចដើមវិញ។

· ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៧៖ ការឃុំឃាំងក្នុងគេហដ្ឋានត្រូវពន្យាពេលដល់មួយឆ្នាំ បើទោះបីជាមានការស្នើសុំដោយផ្ទាល់ពី​អគ្គលេខាធិការពីររូប របស់អង្គការសហប្រជាជាតិគឺលោក Kofi Annan និងលោក Than Shwe ​ក្តី ។

· ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៧៖ ត្រូវឃុំខ្លួនជាបន្ត រហូតជម្រុញឲ្យមានការធ្វើបាតុកម្ម ក្នុងទីក្រុងចំនួន១២ ទូទាំងពិភពលោក។

· ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០៩ បុរសជនជាតិអាម៉េរិកម្នាក់ដែលមានឈ្មោះថា John Yettaw បានហែលឆ្លងកាត់បឹង Inya ទៅកាន់ផ្ទះរបស់លោកស្រី ដោយគ្មានការអញ្ជើញទុកជាមុន ហើយត្រូវបានចាប់ខ្លួន ក្នុងរយៈពេលបីថ្ងៃបន្ទាប់ ​នៅពេលលោកត្រៀមត្រឡប់មកវិញ។ លោកស្រីក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទអនុញ្ញាតឲ្យបុរសរូបនេះ ស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។

· ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០៖ ត្រូវបានដោះលែងរហូតមកទល់បច្ចុប្បន្ន។

ការបោះឆ្នោតសកលឆ្នាំ១៩៩០៖

ក្នុងព្រឹត្តិការណ៍បោះឆ្នោតសកលឆ្នាំ១៩៩០ គណបក្ស NLD ទទួលបានសម្លេងគាំទ្រ៥៩ភាគរយ និងទទួលបានអាសនៈ៣៩២ ក្នុងចំណោម​៤៨៥អាសនៈ ក្នុងសភាដែលស្មើនឹង៨៥ភាគរយ។ ទោះបីជាយ៉ាងនេះក្តី លោកស្រីមិនអាចកាន់អំណាចបានឡើយ ផ្ទុយទៅវិញលទ្ធផលបោះឆ្នោតត្រូវបានចាត់ទុកជាមោឃៈ ហើយមេដឹកនាំយោធានិយមមិនព្រមប្រគល់អំណាចដល់លោកស្រីឡើយ។ ​លោកស្រី បែរជាត្រូវគេដាក់ឃុំក្នុងគេហដ្ឋានរបស់ខ្លួនក្នុងទីក្រុង Rangoon ទៅវិញ​ តែអ្នកទោសនយោបាយរូបនេះ នៅតែមានឱកាសទទួលបាន​ពានរង្វាន់ និងមេដាយកិត្តិយសជាច្រើន។

ការវាយប្រហារឆ្នាំ១៩៩៦៖

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ក្បួនរថយន្តរបស់លោកស្រីត្រូវរងការវាយប្រហារ ដោយមានមនុស្សមួយក្រុមមានគ្នាប្រមាណ២០០នាក់ បានប្រើប្រាស់ច្រវ៉ាក់ដំបងដែក និងដុំថ្ម ដើម្បីវាយប្រហារក្បួនរថយន្តរបស់លោកស្រី។ ក្នុងហេតុការណ៍នេះ ត្រូវបានគេជឿជាក់ថា ត្រូវបានបង្កឡើងដោយ​សមាគមសម្ព័ន្ធសាមគ្គីភាព និងអភិវឌ្ឍន៍ហៅកាត់ថា USDA ដែលបានជួលមនុស្សបង្កការវាយប្រហារនេះឡើង។

ការអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិ៖

ក្នុងអំឡុងនៃការជាប់ឃុំខ្លូនក្នុងលំនៅដ្ឋាន អង្គការសហប្រជាជាតិ UN បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយអន្តរាគមន៍ក្នុងគោលដៅដោះលែងលោកស្រី។ អង្គការសហប្រជាជាតិមានបំណងចង់ធ្វើជាអ្នកសម្របសម្រួល​កិច្ចចរចារវាងមេដឹកនាំយោធានិយម និងលោកស្រី។ ជាលទ្ធផល​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២កន្លងទៅនេះ ក្រោមកិច្ចចរចាដោយសម្ងាត់ដឹកនាំដោយ UN រដ្ឋាភិបាលបានសម្រេចដោះលែងលោកស្រី។ យ៉ាងនេះក្តី លោកស្រី ត្រូវបានគេចាប់ខ្លួនឃុំឃាំងជាថ្មីម្តងហើយម្តងទៀត ក្រោមហេតុផលផ្សេងៗគ្នា។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ២០០៧៖

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៧ បន្ទាប់មានការកើនឡើងនូវតម្លៃប្រេង បាតុកម្មប្រឆាំងរដ្ឋាភិបាលមួយបានផ្ទុះឡើង ដែលដឹកនាំដោយ​ព្រះសង្ឃប្រតិបត្តិព្រះពុទ្ធសាសនា ។ បាតុកម្មនេះ បានបន្តជារៀងរាល់ថ្ងៃ បើទោះបីជា​រងការបង្ក្រាបពីសំណាក់​កម្លាំងយោធារដ្ឋាភិបាលក្តី។ ទោះបីជាស្ថិតនៅក្រោមដំណាក់កាលនៃការឃុំឃាំង តែលោកស្រីស៊ូជី បាន​បង្ហាញវត្ថមាន​ ដើម្បី​ទទួលពរជ័យពីសំណាក់ព្រះសង្ឃដែល​ធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះ។

ការដាក់សម្ពាធពីសំណាក់អន្តរជាតិ ជម្រុញឲ្យដោះលែងលោកស្រី និងការបោះឆ្នោតសកលឆ្នាំ២០១០

បើទោះបីជាមានសេចក្តីប្រកាសថា លោកស្រីអាចនឹងត្រូវបានដោះលែង ហើយមានអាចរៀបចំគណបក្សរបស់លោកស្រីជាថ្មីក្តី តែស្ត្រីរូបនេះ នៅតែមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើយ។ បញ្ហានេះជម្រុញឲ្យអន្តរជាតិកាន់តែចាប់អារម្មណ៍ នឹងដាក់សម្ពាធលើរបបយោធានិយមមួយនេះ។ ជាក់ស្តែងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងអំឡុងនៃកិច្ចប្រជុំអាស៊ាន ឆ្នាំ២០០៩ បាន​ជម្រុញឲ្យមានការដោះលែងអ្នកទោសនយោបាយ ជាពិសេសលោកស្រី អង់ សានស៊ូជី ផ្ទាល់តែម្តង។ ដោយឡែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown បាន​ព្រមានដល់រដ្ឋាភិបាល ​មីយ៉ាន់ម៉ា ផងដែរ ដោយដាក់សម្ពាធផ្នែក​ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។ ក្នុងអំឡុងពេលនោះ លោកស្រី មាន​ឱកាសបានជួបជាមួយថ្នាក់ដឹកនាំ​រដ្ឋជាច្រើន ព្រមទាំងបានបើកកិច្ចពិភាក្សា​ជាមួយមន្ត្រីសំខាន់ៗ ប៉ុន្តែស្ថិតក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់រដ្ឋាភិបាល។ នៅទីបំផុត នៅថ្ងៃរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០ អ្នកទោសនយោបាយរូបនេះ ត្រូវបានដោះលែងរហូតមកទល់បច្ចុប្បន្ន។

ការបោះឆ្នោតសភាឆ្នាំ២០១២៖

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ គណបក្ សNLD បានប្រកាសថា ពីជ័យជម្នះក្នុងការបោះឆ្នោតសភា ដោយទទួលបាន៤៣អាសនៈក្នុងចំណោម​៤៥អាសនៈ ព្រមទាំងបានប្រកាសជាផ្លូវការថា លោកស្រីជាមេដឹកនាំបក្សប្រឆាំងក្នុងសភាជាន់ទាបប្រចាំប្រទេស មីយ៉ាន់ម៉ា។ ហើយនៅថ្ងៃទី០២ ខែឧសភា​ ឆ្នាំ២០១២ សមាជិកសភារបស់គណបក្ស ​NLD រួមទាំងលោកស្រីផ្ទាល់​បានស្បថចូលកាន់ដំណែង។

នៅថ្ងៃទី០៦ ខែកក្កដា​ ឆ្នាំ២០១២​ ស្រ្តីដ៏លេចធ្លោរូបនេះ បានប្រកាសក្នុងគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោកថា​ លោកស្រីមានបំណងចង់​ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៥។ យ៉ាងនេះក្តី​ក្នុងរដ្ឋធម្មនុញ្ញក្នុងពេលបច្ចុប្បន្នដែលបានចូលជាធរមាន កាលពីឆ្នាំ២០០៨កន្លងទៅនេះ បានរារាំងលោកស្រីមិនឲ្យកាន់ដំណែងប្រធានាធិបតីឡើយ ដោយសារចោទថាលោកស្រី ជាស្រ្តីមេម៉ាយ និងជាម្តាយរបស់ជនបរទេស ដែលវិធានការណ៍នេះ ត្រូវបានតាក់តែងឡើងជាផ្នែកមួយដើម្បីគ្រាន់តែបង្ការលោកស្រី មិនឲ្យទទួលសិទ្ធកាន់អំណាចប៉ុណ្ណោះ។

បច្ចុប្បន្នពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើ​ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលកំពុងបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យបន្តិចម្តងៗ ស្របពេលដែលលទ្ធផលបោះឆ្នោត បានបង្ហាញថា លោកស្រី អង់សានស៊ូជី ទទួលបានសម្លេងគាំទ្រ​យ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកវិភាគជាច្រើនបានចោទសំណួរថា តើលោកស្រីអាចឈោងចាប់​ដំណែងជាប្រធានាធិបតីប្រទេស មីយ៉ាន់ម៉ាដែរឬទេ? បន្ទាប់ពីការតស៊ូយ៉ាងស្វិតស្វាញក្រោមការឃុំឃាំងក្នុងគេហដ្ឋាន​ អស់រយៈពេលប្រមាណជិត១៥ឆ្នាំកន្លងមកនេះ៕