(ម៉ិកស៊ិក)៖ នាង Karla Jacinto ជាស្ត្រីមួយរូប ដែលរួចផុតពីកណ្ដាប់ដៃក្រុមជួញដូរមនុស្ស និងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់នាងត្រូវបានគេរំលោភ ៤៣,២០០ដង នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញ។
និយាយប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខក្រៀមក្រំបំផុត នាង Jacinto បានប៉ាន់ប្រមាណដោយខ្លួនឯងថា នាងប្រហែលជាត្រូវគេរំលោភ ៤៣,២០០ដង ជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍ កាលពី ៤ឆ្នាំមុន នៅក្នុងអំឡុងពេលដែលនាងធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមជួញដូរមនុស្ស។
យោងតាមអ្វីដែលនាងបានឃើញ គឺក្រុមជួញដូរមនុស្សបានបំផ្លាញជីវិតក្មេងស្រី រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដោយពួកក្រុមជួញដូរមនុស្សបានលក់ក្មេងស្រី ពីប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិកតាមច្រកព្រំដែន។
នារីរងគ្រោះរូបនេះ បានរៀបរាប់ថា កាលពីនាងអាយុ១២ឆ្នាំ នាងត្រូវបានក្រុមជួញដូរមនុស្សបោកបញ្ឆោត និងចាប់នាងយកទៅលក់បន្ដ ដោយក្រុមជួញដូរទាំងនោះ ប្រើប្រាស់នូវល្បិចជាច្រើនក្នុងការទាក់ទាញឲ្យក្មេងស្រីចាប់អារម្មណ៍។
ដំបូងឡើយ នាងត្រូវបានគេចាប់បង្ខំឲ្យធ្វើជានារីរកស៊ីផ្លូវភេទ នៅក្នុងទីក្រុង Guadalajara ដែលជាទីក្រុងធំបំផុត នៅក្នុងប្រទេសម៉ិកស៊ិក ដោយចាប់ផ្ដើមធ្វើការនៅម៉ោង ១០ព្រឹក និងឈប់នៅពាក់កណ្ដាលអាធ្រាត។ ក្នុងមួយថ្ងៃ នាងត្រូវទទួលភ្ញៀវយ៉ាងតិច ៣០នាក់ ហើយជារៀងរាល់ថ្ងៃ និងពេញ១សប្ដាហ៍ គ្មានថ្ងៃឈប់សម្រាក។ នាងព្យាយាមរត់គេចជាច្រើនដង ប៉ុន្តែត្រូវបានគេចាប់យកទៅវិញ និងធ្វើបាប។ នៅថ្ងៃមួយនាងត្រូវបានគេបញ្ជូនឲ្យទៅបម្រើភ្ញៀវនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងប្រទេសម៉ិកស៊ិក ហើយក៏ជាថ្ងៃសំណាងល្អបំផុតសម្រាប់នាងផងដែរ ព្រោះនៅថ្ងៃនេះ ប៉ូលិសបានចុះអន្តរាគមន៍ ដោយរំដោះរូបនាងព្រមទាំងក្មេងស្រីជាច្រើនរូបទៀត៕