(កំពង់ចាម)៖ មន្រ្តីនគរបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ Fresh News នៅល្ងាចថ្ងៃទី០៨ ខែឧសភា​នេះថា ២នាក់ប្តីប្រពន្ធ ដែលជាអ្នកផលិតនំបញ្ចុក ចែកចាយនៅផ្សារ ហើយបង្កឱ្យមានការពុលដល់ប្រជាពលរដ្ឋជាង ១០០នាក់នោះ ពេលនេះត្រូវបានសមត្ថកិច្ច អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសាកសួរ ប៉ុន្តែនឹងហៅមកសួរនាំបន្ថែមទៀត នៅពេលដែលចាំបាច់ ។ ការអនុញ្ញាតឱ្យទៅផ្ទះនេះ បានធ្វើឡើងបន្ទាប់ពីមានការអះអាងធានា ពីសំណាក់មេឃុំទំនប់ ។

មន្រ្តីនគរបាល បានបញ្ជាក់ឱ្យដឹងថា ការចែកចាយនំបញ្ចុកនេះមានចំនួន ២ស្រុក គឺស្រុកបាធាយ និងស្រុកជើងព្រៃ ប៉ុន្តែករណីពុលបានកើតឡើង តែនៅក្នុងស្រុកបាធាយតែប៉ុណ្ណោះ ។

សូមជំរាបថា ប្តីប្រពន្ធ២នាក់ ដែលជាប់សង្ស័យក្នុងករណីពុលដល់ ប្រជាពលរដ្ឋនោះមានឈ្មោះ បុ៑ន ហុង អាយុ៣៦ឆ្នាំ (ជាប្តី) និងឈ្មោះ ស៑ន គឹមស្រៀង អាយុ៣៤ឆ្នាំ ជាប្រពន្ធ ។ សិប្បកម្មដែលពួកគេផលិតនំបញ្ចុកនេះ ស្ថិតនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ដែលមានផលិតភាព ២០០គីឡូក្រាម ក្នុង១ថ្ងៃ។
គណៈកម្មការចម្រុះមានខាងសុខាភិបាល កាំកុងត្រូល និងនគរបាល កំពុងធ្វើកោសល្យវិច័យ តាមជំនាញរៀងៗខ្លួន ប៉ុន្តែមិនទាន់មានលទ្ធផលផ្លូវការទេ ៕