(អាល្លឺម៉ង់)៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅតំបន់អឺរ៉ុប បានប្រកាសថា អ្នកធ្វើដំណើរប្រមាណ ១០ម៉ឺននាក់ មិនអាចធ្វើដំណើរបាន នៅថ្ងៃពុធនេះ ដោយសារមានការធ្វើកូដកម្មមួយ ពីសំណាក់ក្រុមអ្នកធ្វើការនៅលើយន្តហោះ នេះបើតាមព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។
ក្រុមហ៊ុនអាកាសចរណ៍ដដែលនេះ បានឲ្យដឹងទៀតថា ខ្លួនបានលុបចោលនូវ ជើងហោះហើរចំនួន ៩៣១ ដោយសារតែសហជីពអ្នកធ្វើការលើយន្តហោះរបស់ក្រុមហ៊ុន Lufthansa និងក្រុមហ៊ុន UFO បានធ្វើកូដកម្មទាមទារឲ្យមានការសម្រុះសម្រួល ពីក្រុមហ៊ុនចំពោះការទាមទាររបស់ពួកគេ។ សហជីពនេះ ទាមទារឲ្យមានការធានា ក្នុងការបើកប្រាក់ជូនចំពោះសមាជិករបស់ខ្លួនចំនួន ១៩.០០០នាក់ ប្រសិនបើពួកគេចូលនិវត្តន៍មុនអាយុ ហើយក្នុងនោះ មួយចំនួននៃពួកគេ បានទាមទារផងដែរ ខណៈផ្នែកមួយនៃកិច្ចសន្យាការងាររបស់ពួកគេ ជាមួយនឹងក្រុមហ៊ុន Lufthansa កំពុងព្យាយាមកាត់ប្រាក់ចូលនិវត្តន៍របស់ពួកគេ៕