(ភ្នំពេញ)៖ ​មេទាហានព្រំដែនកម្ពុជា នៅខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បុរសខ្មែរម្នាក់បានស្លាប់ ក្នុងពេលដែលសមត្ថកិច្ចថៃ បើកប្រតិបត្តិការ បង្រ្កាបគ្រឿងញៀន និងការជួញដូរអាវុធធំមួយករណី ក្នុងភូមិគោកព្រិច ឃុំថាប់ស្ដេត ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលចំងាយពីព្រំដែនបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រមាណជាង ២០គីឡូមែត្រ នៅថ្ងៃទី២៦ ខែឧសភាម្សិលមិញ។

មេបញ្ជានៃវរការពារព្រំដែន៨០៧ លោក ប្រាក់ សាំ បានឱ្យដឹងថា ជនជាតិខ្មែរ ដែលសមត្ថកិច្ចថៃបាញ់ស្លាប់នោះ មានឈ្មោះ តឿ ភេទប្រុស អាយុ៤៨ឆ្នាំ ដែលមានឪពុកចិញ្ចឹម ជាមេភូមិនៅប្រទេសថៃ​ ហើយមានប្រពន្ធ ជាមុខសញ្ញាជួញដូរថ្នាំញៀន ក្នុងករណីបង្រ្កាបនេះ។

ប្រភពដដែលនិយាយថា ក្រោយពីមានការបាញ់ប្រហារ ក្រុមចំរុះភាគីថៃ បានរកឃើញគ្រឿងញៀន ៧៧០០គ្រាប់ រឹបអូសអាវុធAK47 ចំនួន១០ដើម គ្រាប់AK47 ចំនួន៣.៧០០គ្រាប់ អាវុធខ្លីម៉ាកឡុក ចំនួន១ដើម និងគ្រាប់ចំនួន១៦គ្រាប់ កាំភ្លើងស្នប់ចំនួន២ដើម។ កម្លាំងថៃបានចាប់ខ្លួន បុរសស្ត្រីជនជាតិថៃ២នាក់ ជាម្ចាស់ផ្ទះ និងជាជនល្មើសជួញគ្រឿងញៀន ជាជនជាតិថៃ និងកម្ពុជា ជាច្រើននាក់ទៀត៕