(ភ្នំពេញ)៖ លោក រស់ ស៊ីថា ​​​មេធាវីការពារក្តីឱ្យកាស៊ីណូ Grand Dragon បានចោទទៅស្ថានទូតឥណ្ឌូនេស៊ីថា បានជ្រៀតជ្រែកដល់កិច្ចការរបស់តុលាការ​នៅក្នុងប្រទេសកម្ពុជា នៅក្នុងសំណុំរឿងបាត់លុយជាង១៧ម៉ឺនដុល្លារ ដែលមានការពាក់ព័ន្ធនឹងជនសង្ស័យឥណ្ឌូនេស៊ី ចំនួន១៦នាក់។

លោកមេធាវី បាននិយាយថា «គាត់គួរតែសហការជាមួយ ស្ថាប័នច្បាប់ខ្មែរ ​ឱ្យដឹងរឿងសឬខ្មៅ បានយើងហៅថាល្អ។ យើងសោកស្តាយ ហើយចិត្តរបស់គាត់ គាត់លូកអីលូកចុះ ប៉ុន្តែគ្រាន់តែថា គាត់មិនគួរទេ មិនគួរលើកពីរឿងហ្នឹងសោះ»

ការលើកឡើងរបស់មេធាវីការពារក្តីឱ្យកាស៊ីណូ Grand Dragon បានធ្វើឡើង បន្ទាប់ពីស្ថានទូតឥណ្ឌូនេស៊ី បានស្នើឱ្យក្រសួងការបរទេសកម្ពុជា អន្តរាគមន៍ជួយដល់ជនជាតិឥណ្ឌូនេស៊ី១៦នាក់ រងការចោទប្រកាន់ថា លួចលុយកាស៊ីណូអស់១៧ម៉ឺនដុល្លារ ខណៈពួកគេកំពុងធ្វើការនៅកាស៊ីណូ Grand Dragon។ មន្រ្តីស្ថានទូត បានព្រមានឱ្យខាងកាស៊ីណូ ដកពាក្យបណ្តឹងទៅលើជនសង្ស័យទាំង១៦នាក់ ហើយថា បើមិនមានការដកពាក្យបណ្តឹងទេនោះ ស្ថានទូតនេះ នឹងធ្វើការប្តឹងបកវិញ ហើយស្ថានទូតក៏បានស្នើទៅកាន់ក្រសួងការបរទេសកម្ពុជា ជួយអន្តរាគមន៍ដើម្បីទំលាក់ការចោទប្រកាន់ពួកគេទាំងនោះ។  

ជុំវិញករណីនេះ មេធាវីការពារក្តីឱ្យកាស៊ីណូ បាននិយាយថា កូនក្តីរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់ ស្ថានទូត ដោយមិនមានការខ្លាចរអារនោះទេ ។

មន្រ្តីតុលាការខេត្តកណ្តាលមួយរូប បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី២៨ ខែឧសភានេះ ខាងព្រះរាជអាជ្ញាទាន់បានហៅមកសួរនាំនោះទេ ប៉ុន្តែនៅពេលខាងមុខនេះ នៅពេលរៀបចំអ្នកបកប្រែ និងបញ្ចប់កិច្ចការផ្សេងៗ នឹងហៅមកសួរនាំហើយ។

ដោយឡែកមន្រ្តីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា នៅពេលនេះជនជាតិឥណ្ឌូនេស៊ីចំនួន១០នាក់ បាននឹងកំពុងស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង​នៅ​ក្រុងតាខ្មៅ។

សូមជំរាបថា ជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់ ដែលធ្វើការក្នុងកាស៊ីណូ Grand Dragon ក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្បែរព្រំដែន ប្រទេសកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ បន្ទាប់ពីថៅកែបានចោទពួកគេថា ធ្វើឱ្យបាត់ប្រាក់កាស៊ីណូជាង១៧ម៉ឺនដុល្លារ នាពេលថ្មីៗនេះ៕

www.freshnewsasia.com