(ភ្នំពេញ)៖ បន្ទាប់ពីមន្រ្តីសមាគមអង្គការក្រៅរដ្ឋាភិបាល (NGOs) បានសម្តែងក្តីបារម្ភពី សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងនៅថ្ងៃទី០២ មិថុនា ឆ្នាំ២០១៥នេះថា NGOs កុំមានការព្រួយបារម្ភ ពីសេចក្តីព្រាងច្បាប់នេះឱ្យសោះ។

លោក ហោ ណាំហុង បានលើកឡើងបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក Scott Busby ឧបការីរងក្រសួងការបរទេស សហរដ្ឋអាម៉េរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នាទីស្តីការក្រសួងការបរទេសថា សូមកុំឲ្យ NGOs អស់សង្ឃឹមក្រោយពីរាជរដ្ឋាភិបាលអនុម័តច្បាប់នេះ ទោះបីជារាជរដ្ឋាភិបាលអនុម័ត ដោយគ្មានការពិភាក្សាជាមួយសង្គមស៊ីវិលក៏ដោយ។

ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ពេលពង្រាងច្បាប់នេះ មកដល់រដ្ឋសភា រដ្ឋសភាអាចនឹងធ្វើការពិគ្រោះជាមួយ NGOs សង្គមស៊ីវិលម្ដងទៀត មុននឹងសភាអនុម័ត ដូច្នេះវាមានកិច្ចដំណើរការ ខ្ញុំយល់ថា គ្រប់គ្រាន់ទាំងអស់អាចឲ្យ NGOs សង្គមស៊ីវិលអាចផ្ដល់មតិ អាចចូលរួមបានដើម្បីធ្វើច្បាប់នេះឲ្យបានល្អ»។

លោកបានបន្តថា កម្ពុជាទទួលស្គាល់ពីជំនួយ NGOs ហើយការព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល មិនមែនមានទិសដៅប្រឆាំង ហាមឃាត់ ឬកំណត់កម្រិតសកម្មភាព NGOs ទេ ផ្ទុយទៅវិញធ្វើយ៉ាងណា ឲ្យមានកិច្ចសហប្រតិបត្តិការល្អ និងមានតម្លាភាព។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីសមាគម អង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង ៣៤ មាត្រា ត្រូវបាន ក្រសួងមហាផ្ទៃ ចែកជូន ដល់អង្គការ សមាគម ក្រៅរដ្ឋាភិបាលកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ ក្រសួងមហាផ្ទៃ ត្រៀមបញ្ជូនសេចក្តីព្រាងនេះ ដាក់ជូនអង្គប្រជុំ គណៈរដ្ឋមន្ត្រី ដើម្បីប្រជុំពិភាក្សា មុននឹងបញ្ជូនបន្តទៅរដ្ឋសភា ធ្វើការអនុម័ត៕