(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក ប្លាឌីមែរ ពូទីន បានបង្គាប់បញ្ជាឲ្យមានការស៊ើបអង្កេតមួយទៅលើអត្តពលិករបស់ខ្លួន ដែលត្រូវបានគេសង្ស័យថា មានការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន ក្នុងអំឡុងប្រកួតកីឡា Olympic Games ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
នេះជាលើកទី១ហើយដែល ពូទីន បានបើកដៃឲ្យទីភ្នាក់ងារប្រឆាំងនឹងការប្រើប្រាស់សារធាតុញៀនក្នុងកីឡា ហៅកាត់ ថា WADA ក្នុងការវែកមុខអ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តអំពើខុសលក្ខខណ្ឌក្នុងកីឡានេះ មកផ្តន្ទាទោសចំពោះមុខច្បាប់ ក្រោយពេលរឿងនេះត្រូវបានបែកធ្លាយកាលពីថ្ងៃចន្ទមកម្ល៉េះ ។
បុរសខ្លាំង ពូទីន បានថ្លែងខ្លាំងៗប្រាប់ BBC ថា «យើងសូមចំហរជានិច្ចចំពោះការស៊ើបអង្កេតរបស់ WADA ក្នុងការវែក មុខជនដៃដល់ ។ ការប្រើប្រាស់សារធាតុប៉ូវកម្លាំង វាជាកាប្រឆាំងមួយក្នុងកីឡាដែលមិនត្រូវបានលើកលែងជាដាច់ខាត ។ ដូច្នេះសូមភ្នាក់ងារ WADA ធ្វើការស៊ើបអង្កេតដោយឯករាជ្យចុះ» ។
ទន្ទឹមនោះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡារុស្ស៊ីលោក Vitaly Mutko ក៏បានធ្វើការចោទប្រកាន់ភ្នាក់ងារ ពិនិត្យរកសារធាតុញៀនអង់គ្លេស “ថាស្មើនឹងសូន្យ” ដោយមិនចេះធ្វើការទើបបណ្តាលឲ្យមានអំពើបែបនេះកើតឡើងបាន ។
ដោយឡែកសម្រាប់លោក Thomas Bach អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក៏បានថ្លែងឲ្យដឹង ដែរថា រឿងទាំងអស់នេះមានការជាប់ពាក់ព័ន្ធសំខាន់ ទៅលើប្រធានគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោក IAAF ហើយ ប្រសិនបើការស៊ើបអង្កេតទៅរកឃើញថា អត្តពលិកផ្នែកកីឡាអត្តពលកម្មវុស្ស៊ី ពិតជាបានប្រើប្រាស់សារធាតុមែននោះ IOC នឹងដកហូតមេដាយមកវិញផងដែរ ៕
លោក ពូទីន (រូបឆ្វេង)