(កណ្តាល)៖ ក្រុមហ៊ុន អិន ស៊ី អិច (ហុងដា) បានបន្តចែកមួកសុវត្តិភាពជាលើកទី២ បន្ថែមទៀត ​ទៅដល់អតិថិជន និងស្ថានប័នរដ្ឋនានានៅខេត្តកណ្តាលចំនួន១០០០មួក ក្នុងនោះរួមមាន៖ សាលាខេត្តកណ្តាល១០០មួក ​សាលាក្រុងខេត្តកណ្តាល៥០មួក  ​ស្នងការនគរបាលខេត្តកណ្តាល ៥០មួក និង មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល៥០មួក ។

​នៅក្នុងពិធីចែកមួកសុវត្តិភាពនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះក៏ មានការចូលរួមពីតំណាងរដ្ឋាភិបាល ពីសាលាខេត្ត សាលាក្រុង ​កាកបាទក្រហមកម្ពុជា​​ ស្នងការនគរបាល មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល និងម្ចាស់សាខា​ក្រុងភ្នំពេញ និងខេត្ត បានសហការគ្នាបានរៀបចំកម្មវិធី «ក្តីបារម្ភដ៏ធំធេងពីហុងដា» ក្រោមប្រធានបទ «ស្រលាញ់នរណាម្នាក់ត្រូវពាក់មួកសុវត្ថិភាព»​។  ​

លោក ប៊េន កៀស្រ៊ីថាណាកន បានឲ្យដឹងថា ក្រុមហ៊ុន អិន ស៊ី អិច បានយកចិត្តទុកដាក់ ក្នុងការងារចរាចរណ៍ តំាងពីឆ្នាំ២០០៨ មកម្ល៉េះដោយមានការបង្កើតនូវ សាលាបង្រៀនទោចក្រយានយន្ត និងច្បាប់ចរាចរណ៍ ដើម្បីអប់រំនិងបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្តីពីច្បាប់ចរាចរណ៍ និងសុវត្តិភាពក្នុងការបើកបរ។ រហូតមកដល់ពេលនេះ សាលាបង្រៀនបើកបរ បានសហការជាមួយ កាកបាទក្រហមកម្ពុជា ក្រសួងសាធារណៈការនិងដឹកជញ្ជូន មន្ទីរអប់រំយុវជន និងកីឡា ព្រមទំាងអង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធក្នុងវិស័យចរាចរណ៍នេះ បានបណ្តុះបណ្តាលបានចំនួន ៣៥.៨០៣នាក់។ ក្រៅពីនេះ យើងក៏បានបង្រៀនច្បាប់ចរាចរណ៍ ទៅដល់កុមារនៅតាមសាលានានាផងដែរ។

លោកបានបន្តថា មួយរយៈពេលកន្លងមក ក្រុមហ៊ុនបានចុះទៅអប់រំផ្សព្វផ្សាយ ពីសុវត្តិភាពនៃច្បាប់ចរាចរណ៍ នៅសាលារៀននានា នៅក្នុងខេត្តកណ្តាល បានចំនួន១៥សាលា ស្មើនិង ២.៤៤៤ នឹងសហការជាមួយ សាខាលក់ម៉ូតូខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលនៅ តាមបណ្តាលស្រុកនានា បានចំនួន១.១៤៤នាក់។

សូមជម្រាប់ថា ពិធីចែកមូកសុវត្តិដល់អតិថិជន ស្រពពេលដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ​តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរជាមួយត្រូវពាក់មួក សុវត្ថិភាពក្នុងពេលបើកបរ ​ដើម្បីរួមចំណែកកាត់បន្ថយការ រងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើង ៕

Photo by Fresh News