(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានស្នើឲ្យសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ចាត់វិធានការលើ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក្នុងករណីផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ដោយពុំបានសុំការអនុញ្ញាតពី​ ប្រធានសភាជាមុន។ ការស្នើឱ្យចាត់វិធានការនេះ បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ។

លោក ឈាង វុន បញ្ជាក់ថា «លោក អ៊ុំ សំអាន មានឥរិយាបទរឹងរូស ចង់រករឿង ធ្វើឲ្យមានបញ្ហាលើការអនុវត្តច្បាប់រដ្ឋបាល និងសន្តិសុខក្នុងរដ្ឋសភា ដែលសម្ដេចប្រធាន ជាអ្នកមានតួនាទី ទទួលខុសត្រូវតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ ត្រង់ប្រការ៨ចំណុច «ច» ដែលចែងថា ប្រធានរដ្ឋសភា មានមុខការការពារ និងរក្សាសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា។ ដូច្នេះចរឹតព្រហើនមិនអនុវត្ត តាមបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភា ត្រង់ប្រការ ៨ចំណុចនេះ របស់លោក អ៊ុំ សំអាន គឺពិតជាមិនអាចទទួលយកបានឡើយ»