(​ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានស្លាប់ ៥នាក់រងរបួសធ្ងន់ និងម្នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ចំនួន៩​លើក (យប់៦​លើក) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​គេហទំព័រដដែលបញ្ជាក់ទៀតថា​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង និង​ថ្មើរជើង​ម្នាក់​ ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ២​លើក ស្រវឹង ២​លើក មិន​ប្រកាន់​ស្តាំ ២​លើក មិន​គោរព​សិទ្ធ ១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ៩​នាក់ (​យប់​៧​នាក់​)​។​

​ជាមួយគ្នានេះដែរ នគរបាលចរាចរណ៍នៅថ្ងៃទី១៧ ខែកក្កដាម្សិលមិញ បានផាកពិន័យរថយន្ត​សរុប​ចំនួន ៥៣៦​គ្រឿង (​រថយន្ត​ធំ​១៤៩​គ្រឿង​) ស្មើនឹង​៥៣៦​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៣៨៥​គ្រឿង ស្មើនឹង ៣៨៥​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ១៥១ គ្រឿង ស្មើនឹង ១៥១​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៣២៣ គ្រឿង៕

Photo by Fresh News