(ភ្នំពេញ)៖ លោក សំ ប្រជាមានិត អគ្គលេខាធិការ​ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី២៣ ខែកក្កដានេះថា ព្រះរាជអាជ្ញាចំនួន ៣ខេត្ត នឹងផ្ទេរមកកាន់សាលាឧទ្ធរណ៍វិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សំ ប្រជាមានិត បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជអាជ្ញាចំនួន ៣ខេត្តនោះរួមមាន៖
១-លោក ឃុត សុខឃាង ព្រះរាជអាជ្ញា ខេត្តមណ្ឌលគិរី នឹងត្រូវផ្លាស់មកកាន់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដោយដាក់លោក ឡុង ហុកម៉េង ពីព្រះរាជអាជ្ញារង ខេត្តកណ្តាល ទៅព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីវិញ ។
២-លោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង នឹងត្រូវផ្លាស់មកកាន់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍​ ដោយដាក់លោក ជា ពេជ្រ ជាព្រះរាជអាជ្ញារងខេត្តស្ទឹងត្រែង ទៅជាព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងតែម្តង ។
៣-លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាខេត្តស្វាយរៀង នឹងត្រូវផ្លាស់មកកាន់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍​ ដោយដាក់លោក គង់ ច័ន្ទខេមរិទ្ធ ជាចៅក្រម ខេត្តកំពង់ចាម មកជាព្រះរាជអាជ្ញាខេត្តស្វាយរៀងវិញ។

អគ្គលេខាធិការរូបនោះបានបញ្ជាក់ថា កម្មវិធីប្រកាសផ្ទេរតំណែងខាងលើនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ អាចនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៥៕