(ប៉ៃលិន)៖ សាខាកាំកុងត្រូល ខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាល បង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ ស្រាវជ្រាវការតាំង លក់ផលិតផល ដំបូលត្រារូបពេជ្រ ប្រភេទ ក្បឿង CT 111 និងហ្វីប្រូភ្លីតូច នៅក្នុងដេប៉ូលក់សម្ភារៈសំណង់មួយកន្លែង ក្នុងភូមិអូរតាពុក សង្កាត់-ក្រុង-ខេត្តប៉ៃលិន បន្ទាប់ពីទទួលបាន ពាក្យបណ្តឹង ពីក្រុមហ៊ុន សេង ហុងហេង នីហរ័ណ អាហរ័ណ ដែលទទួលបានសិទ្ធិផ្តាច់មុខនាំ ចូល និងចែកចាយ ផ្តាច់មុខនៅលើទីផ្សារកម្ពុជា។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះថា ក្រោយពីបានសាកសួរ ម្ចាស់ដេប៉ូរួច សមត្ថកិច្ចចម្រុះ រួមជាមួយតំណាង ក្រុមហ៊ុនដែលជាម្ចាស់កម្មសិទ្ធិ បានទៅត្រួតពិនិត្យទំនិញ ដោយផ្ទាល់ នៅទីតាំងស្តុកជាលទ្ធផល ឃើញមាននៅសល់ ក្បឿងត្រារូបពេជ្រ ក្រហម ៦៨០សន្លឹក និងហ្វីប្រូត្រាពេជ្រភ្លីតូច ក្រហម និង ខៀវចំនួន ១៤២០សន្លឹក ហើយបានធ្វើកិច្ចសន្យា និងកំណត់ហេតុឃាត់ទុក ជាបណ្តោះអាសន្ន នៅនឹងកន្លែង ដោយមានការយល់ព្រម និងសម្របសម្រួលពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តប៉ៃលិន។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ជាក់ស្តែង និង តាមចម្លើយម្ចាស់ដេប៉ូតាំងលក់ បានឲ្យដឹងថា ទំនិញទាំងនេះត្រូវបានបញ្ជា ទិញពីអ្នកលក់នៅតំបន់ឡែម ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាំងពីយូរមកហើយ ដោយលក់មិនទាន់អស់ ទើបនៅសល់មួយចំនួន ហើយគាត់ក៏មិនបានដឹងថា វាជាកម្មសិទ្ធិផ្តាច់មុខ របស់ក្រុមហ៊ុនណានោះឡើយ។

ក្រោយពីបញ្ចប់កំណត់ហេតុ តាមនីតិវិធីចប់សព្វគ្រប់ ភាគីចុងចោទដែលជាម្ចាស់ដេប៉ូ តាំងលក់បានធ្វើការសម្របសម្រួល ជាមួយក្រុមហ៊ុនម្ចាស់សិទ្ធិ ដោយមានមន្រ្តី ជំនាញកាំកុងត្រូល ជាតំណាងដើម្បីស្វែងរកមូលដ្ឋាន ដ៏ត្រឹមត្រូវជូនភាគីទាំងពីរ។ បច្ចុប្បន្ននេះភាគីទាំង២ កំពុងធ្វើការសម្របសម្រួសគ្នា ដើម្បីរកដំណោះស្រាយ៕