(បេរូត)៖ មនុស្ស ៤៣នាក់បានស្លាប់ និង ២៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកចំនួន ២កន្លែង នៅក្បែរវិហារនិកាយស៊ីអ៊ីត និងនៅក្បែរហាងនំបុ័ង ក្នុងទីក្រុងបេរូត ប្រទេសលីបង់ ពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នេះបើយោងតាមការចុះផ្សាយរបស់ Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា។
មន្ត្រីក្រសួងមហាផ្ទៃលីបង់ បានឲ្យដឹងថា កន្លែងបំផ្ទុះគ្រាប់បែកទាំងពីរនោះ សុទ្ធសឹងតែជាកន្លែងប្រជុំដោយហ្វូងមនុស្ស ដូច្នេះហើយទើបធ្វើឲ្យមានអ្នកស្លាប់ និងរបួសច្រើន ហើយករណីបំផ្ទុះគ្រាប់បែកនេះផងដែរ ត្រូវបានក្រុម ISIS ចេញមុខប្រកាសនៅលើ Twitter ថា ជាទង្វើរបស់ពួកគេ ៕