(CNN)៖ ក្រុមឧទ្ទាមមួយក្រុមដែលហៅខ្លួនឯងថា ជាក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ទទួលបន្ទុកផ្នែក Hacking នៅសប្តាហ៍នេះ បាន​បង្ហោះ​ឯកសារដែលជាបញ្ជីឈ្មោះ និង​អាស័យដ្ឋានរបស់ជនជាតិអាម៉េរិក ដែលខ្លួនចាត់ទុកថា ជាគោលដៅត្រូវកម្ចាត់ចោល នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ។

បើទោះបីជាបញ្ជីឈ្មោះនេះ​ត្រឹមត្រូវពិតមែន ប៉ុន្តែព័ត៌មានភាគច្រើនហួសពេលកំណត់ មិនអាចប្រើប្រាស់បានឡើយ ដោយក្នុងនោះមានដូចជា លេខទូរស័ព្ទ អាស័យដ្ឋាន លេខសម្ងាត់ និង​លេខប័ណ្ណធនាគារជាដើម របស់​យោធាអាម៉េរិកាំងចំនួន​១៤០០នាក់។

ក្រុមឧទ្ទាមនេះថែមទាំងបានសរសេរថា «ពួកយើងស្រង់បានព័ត៌មានដែលគួរឲ្យទុកចិត្ត ព្រមទាំងបានបញ្ជូនទិន្នន័យទាំងនេះ ទៅកាន់​កងកម្លាំង Khilafah ដែលទទួល​ការអនុញ្ញាតពីព្រះ Allah ក្នុងការកាត់ក្បាលអ្នកទាំងអស់គ្នា ក្នុងទឹកដីអ្នកផ្ទាល់តែម្តង»៕