(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News នៅសាលាដំបូងរាជធានីភ្នំពេញ បានរាយការណ៍ថា នៅម៉ោង ២៖៤៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ សមត្ថកិច្ចបានបញ្ជូន លោក ហុង សុខហួរ ចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់តុលាការហើយ ។

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួន នៅវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ នៅក្នុងភូមិគ្រឹះលេខ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយរត់គេចខ្លួន អស់រយ:ពេល២ថ្ងៃមកនេះ។

លោក ហុង សុខហួរ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ រឿងក្លែងសិទ្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ហើយបង្ហោះវីដអូ អត្ថាធិប្បាយតាមរយៈ Facebook លោក សម រង្ស៊ី។ លោក ហុង សុខហួរ បានក្លែងថា «...ភាគីទាំងនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខា សម្រាប់រំលាយព្រំដែនជាតិ ប្រទេសទាំងពីរ...»។

ប៉ុន្តែបើតាមរដ្ឋាភិបាល បានបញ្ជាក់ថា តាមពិតខ្លឹមសារនៃសន្ធិសញ្ញា បំពេញបន្ថែម ស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ នេះមានន័យថា «ភាគីទាំងពីរនឹងចរចាគ្នា ដើម្បីចុះហត្ថលេខា លើសន្ធិសញ្ញាមួយ កំណត់នូវព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ លើមូលដ្ឋាន ខ្សែព្រំដែន នាពេល បច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្តកសាងខ្សែព្រំដែននោះ ទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ»៕