(បាត់ដំបង)៖ លោក តូច សុភក្ដី ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបាត់ដំបង បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះថា ក្រោយពីតុលាការ បានសួរដេញដោលមិត្តភក្តិពីរនាក់ របស់កញ្ញា សាសា ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅរួចមកកាលពីពេលថ្មីៗនេះ តុលាការបានសម្រេចចេញដីកា កោះហៅកញ្ញា ឯក សុជាតា ហៅ សាសា ឲ្យចូលបំភ្លឺជុំវិញ ករណីបង្កគ្រោះថ្នាក់ខាងលើ នៅសប្ដាហ៍ក្រោយនេះ។

លោក តូច សុភក្តី ថ្លែងថា «ដីកាកោះហៅកញ្ញា សាសា ខ្ញុំបានបញ្ជូនទៅតុលាការភ្នំពេញរួចហើយ ហើយគេនឹងចាត់ចែងបញ្ជូនដល់សាមីខ្លួន តាមនិតិវិធីច្បាប់ ខាងខ្ញុំរង់ចាំតែចម្លើយ និងកន្ទុយសន្លឹកដីកាត្រឡប់ មកវិញតែប៉ុណ្ណោះ ។ ខ្ញុំចេញដីកាកោះហៅ នៅសប្ដាហ៍ក្រោយនេះ តែខ្ញុំមិនទាន់ប្រាកដថា ថ្ងៃណានោះទេ ព្រោះចាំខាងហ្នុង(ខាងតុលាការ) សិន..!» ៕

សូមជំរាបថា កញ្ញា​ សា​សា ​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN និងមានរឿងប្តឹងផ្តល់ ដ៏ល្បីល្បាញជាមួយលោក សុខ ប៊ុន ត្រូវបាន​គេ​សង្ស័យ​ថា បាន​បើករថយន្ត​ស៊េ​រី​ទំនើប​របស់​នាង​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-7888 ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹកកក នៅ​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ២០១៥ នៅសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់​ពី​កញ្ញា​សា​សា ដែល​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ផង ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោតោ​២ ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ឈ្មោះ ទុ​យ ម៉ោ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មិនយូរឡើយ ​យុវជន​មួយ​ក្រុម​ជិះ​រថយន្តទំនើប​ៗ បាន​ទៅ​ជម្លៀស​កញ្ញា​សា​សា និង​មិត្ត​ស្រី​របស់​នាង​ម្នាក់​ទៀត ​ចេញពី​កន្លែង​កើតហេតុ ដោយមិនទទួលខុសត្រូវ។ ហើយ​យុវជន​ម្នាក់ ​បាន​ចេញ​មុខ​ដោះស្រាយ​សំណង​ ជាមួយ​ជន​រង​គ្រោះ​ជំនួស​កញ្ញា​សា​សា ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​ច្បាប់។