(ភ្នំពេញ)៖ រីករាយកំសាន្តជាមួយនឹងសិល្បករ មានទេពកោសល្យ ដូចជា អ្នកនាង Nikki Nikki លោក Jimmy Kiss និងក្រុមតន្ត្រីករ និងអ្នកសម្តែងជាច្រើននាក់ទៀត នៅក្នុងព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ មិត្តយើង២ នៅចុងសប្តាហ៍ខាងមុខនេះ ។

នៅថ្ងៃអាទិត្យ ទី៣០ សីហា និងថ្ងៃអាទិត្យសប្តាហ៍ក្រោយ ទី០៦ កញ្ញា នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នឹងមានប្រារព្ធនូវព្រឹត្តិការណ៍ តន្រ្តីសប្បុរសធម៌ មិត្តយើង២ ដែលជាកម្មវិធីប្រគុំតន្រ្តី មានគោលបំណងរៃអង្គាសប្រាក់ សម្រាប់ទិញសម្ភារៈសិក្សា សម្លៀកបំពាក់ និងសៀវភៅអាន ឲ្យដល់សិស្ស និងកុមារកំព្រាតាមមជ្ឈមណ្ឌល ដែលកំពុងជួបការខ្វះខាត ។ ការប្រគំតន្ត្រីនេះ ក៏ជាវេទិកាសម្រាប់ការលើកកម្ពស់បទចម្រៀងដើម និងការសម្តែង ដែលផុសចេញពីស្នាដៃពិតនៃសិល្បករខ្មែរផងដែរ ។

 តន្រ្តីសប្បុរសធម៌ មិត្តយើង២ មិនមែនជាព្រឹត្តិការណ៍ ដែលរៀបចំដោយស្ថាប័នណាមួយនោះឡើយ ។ ផ្ទុយទៅវិញ កម្មវិធីនេះបានចាប់ផ្តើម ដោយសារគំនិតច្នៃប្រឌិតរបស់ក្រុមនិស្សិត នៃវិទ្យាស្ថានភាសាបរទេស (IFL) ដែលមានបំណង រួមចំណែកក្នុងការងារសប្បុរសធម៌តែប៉ុណ្ណោះ ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំតន្រ្តីសប្បុរសធម៌ មិត្តយើង ជាលើកដំបូង ក្នុងខែតុលាឆ្នាំមុន ក្រុមនិស្សិតរបស់យើង បានផ្តួចផ្តើមព្រឹត្តិការណ៍នេះម្តងទៀត ក្នុងឆ្នាំនេះ ជាមួយនឹងសិល្បៈករកាន់តែច្រើនជាងមុន កម្មវិធីកាន់តែល្អ និងសកម្មភាពសប្បុរសធម៌កាន់តែធំ ។

ក្នុងនាមជាក្រុមហ៊ុនអ៊ីនធឺណិត លំដាប់ខ្ពស់នៅកម្ពុជា និងជាក្រុមហ៊ុនដ៏សកម្មផ្នែកសកម្មភាពសង្គម អ៊ីហ្ស៊ីខម មានមោទនភាព ចូលរួមឧបត្ថម្ភជា Diamond Sponsor មួយនៅក្នុងព្រឹត្តិការណ៍នេះ និងរួមចំណែកលើកកម្ពស់បទចម្រៀងដែលជាការនិពន្ធដើម និងសកម្មភាពសប្បុរសធម៌ចំពោះកុមារ ។ ដូច្នេះ ប្រសិនបើអ្នកស្រឡាញ់ចម្រៀង ដែលជាស្នាដៃពិតរបស់សិល្បៈករខ្មែរ ហើយចង់ចូលរួមសកម្មភាពសប្បុរសធម៌សង្គម កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាណា !

Photo by Fresh News