(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបង្ក្រាបជាក់ស្តែងជនសង្ស័យ ២នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែក របស់ជនបរទេសមិនបានសម្រេច នៅចំណុចមុខផ្ទះលេខ៩៥E​o ផ្លូវ១៤៨ ក្រុម២៨ មណ្ឌល៥ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ដែលម្នាក់ជាសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ យឹម ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ និងទី២ ឈ្មោះ ម៉ាពុទ្ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យព្រះសីស៊ីវត្ថិ ស្នាក់នៅផ្ទះ១០៧អឺ ផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយមានករណីកើតឡើងភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលកំពុងចុះល្បាតនៅក្បែរនោះ បានដេញចាប់បាន នៅផ្ទះលេខ៣២អឺ ផ្លូវ១៧៤ ភូមិ១៤ សង្កាតផ្សារថី្ម៣ រួចបានបញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕