(កណ្តាល)៖ បន្ទាប់ពីអាជីវកម្ម របស់ប្រជាពលរដ្ឋឃុំកំពង់ភ្នំ និងឃុំព្រែកដាច់ បានទទួលជោគជ័យ ក្នុងមុខរបរក្រោមគម្រោងប្រាក់កម្ចី នៃកម្មវិធីប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ កាកបាទក្រហមកម្ពុជា ក្រោមមូលិនិធិវើលម៉េតនោះ នៅព្រឹកថ្ងៃព្រហស្បត៍ ទី២៧ ខែសីហា ឆ្នាំ២០១៥ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រគល់ប្រាក់កម្ចី ដល់ប្រជាពលរដ្ឋមកពី ឃុំកំពង់ភ្នំ ២៦គ្រួសារ និងឃុំព្រែកដាច់ ១៣គ្រួសារ នៃស្រុកលើកដែក ខេត្តកណ្តាល ដែលបានស្នើសុំប្រាក់កម្ចីនេះ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន ឲ្យបានកាន់តែប្រសើរ។

លោកស្រីអគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា បញ្ជាក់ផងដែលថា កម្មវិធីប្រាក់កម្ចីខ្នាតតូច របស់កាកបាទក្រហមកម្ពុជា បានអនុវត្តលើឃុំទាំងពីរ នៃស្រុកលើកដែក តាំងពីដើមឆ្នាំ២០១២ សរុបអ្នកបានទទួលផលប្រមាណ ៩០០គ្រួសារ ស្មើនឹងទឹកប្រាក់ ៦៨,០០០ដុល្លារ ដែលបានជួយសម្រួល ដល់ជីវភាពប្រជាពលរដ្ឋ ក្នុងឃុំទាំងពីរបានល្អប្រសើរ មានមុខរបរត្រឹមត្រូវ កាត់បន្ថយការទៅធ្វើការងារ ចំណាកស្រុក និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

បន្ថែមពីលើនេះ ទៀតលោកស្រី ក៏បានណែនាំដល់បងប្អូន ដែលបានយកប្រាក់កម្ចីនេះ ទៅប្រកបអាជីវកម្ម ឲ្យមានប្រសិទ្ធិភាព ចំទិសដៅ ដែលអាចដោះស្រាយជីវភាពបាន និងបង្វិលថវិកាតាមកាលកំណត់ ដើម្បីយកប្រាក់កម្ចីនេះ ទៅអនុវត្តបន្តដល់ ប្រជាពលរដ្ឋក្រីក្រផ្សេងទៀត៕