(វៀងចន្ទ)៖ ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំកម្ពុជា (U-19) បានឡើងទៅឈរនៅកំពូល តារាងប្រចាំពូល A បណ្តោះអាសន្នដោយមាន៧ពិន្ទុ ក្រោយឈ្នះ U-19 របស់ហ្វីលីពីន ដោយលទ្ធផល ១-០ នាល្ងាច ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាន AFF U-19 Championship 2015 ដែលមានឡាវធ្វើម្ចាស់ផ្ទះ ។

កម្ពុជា បានសង្កត់ហ្វីលីពីន យ៉ាងសន្ធាប់រហូតដល់នាំមុខ ១-០ បណ្តោះអាសន្នក្នុងវគ្គទី១នៅនាទីទី៤០ ដែលជាគ្រាប់ចាំក្រឡករបស់អ្នកចាំទីដោយមិននឹកស្មាន ក្រោយទទួលរងបាល់​កម្ពុជាទាត់ស្រាលៗពីចម្ងាយ ដោយកីឡាករ ច្រឹង ពលរដ្ឋ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង។

តែយ៉ាងណាក៏ដោយកម្ពុជា ត្រូវចាំអ៊ុតលទ្ធផលពេល U-19 របស់ឡាវ ប្រកួតទល់នឹង U-19 ហ្វីលីពីន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ បន្តទៀត គ្រាដែលកម្ពុជា ត្រូវឡើងជួប U-19 របស់ថៃនៅថ្ងៃទី៣០ សីហាដូចគ្នា ដើម្បីបញ្ចប់ ប្រកួត ជម្រុះក្នុងពូល A ។

រាប់ទាំងលើកនេះទៀត កម្ពុជា បន្តប្រវត្តិលេងមិនចាញ់ហ្វីលីពីននោះទេ និងលត់តែរហូត នាពេលកន្លងមកដោយបានឈ្នះ ៤-១ កាលពីឆ្នាំ២០១៤ និងឈ្នះ ៥-៣ កាលពីឆ្នាំ២០១១៕