(ភ្នំពេញ)៖ គណៈកម្មការចម្រុះ ដឹកនាំ ដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី អភិបាលរងខណ្ឌមានជ័យ លោក ឌី រត្ន័ខេមរុណ និងស្នងការរង លោក នេត វន្ថា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥នេះ បានចុះទៅបិទក្លឹបកំសាន្ដពេលរាត្រី «ឃីក្លឹប» ដែលស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាបណ្ដោះអាសន្ន ដើម្បីសមត្ថកិច្ចជំនាញ ធ្វើការស៊ើបអង្កេត ក្រោយពីមានហេតុការណ៍ គ្រោះអគ្គិភ័យ កាលពីយប់មិញ ដែលបានសម្លាប់ស្ដ្រី៥នាក់ និងរងរបួសធ្ងន់ ពេលដែលពួកគេកំពុង ចូលលេងកំសាន្ដ និងធ្វើការនៅទីនោះ ។

លោកឌី រត្ន័ខេមរុណ បានបញ្ជាក់ថា នៅពេលសមត្ថកិច្ច បាននឹងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹប ដែលរត់គេច ដើម្បីយកមកដោះស្រាយ និងអនុវត្ដតាមនីតិវិធី ។

លោក នេត វន្ថា បានឱ្យដឹងថា ជាជំហានដំបូង ករណីអគ្គិភ័យនេះ ផ្ដើមចេញមកពី ទុស្សេចរន្ដភ្លើង បង្កជាផ្សែងនិងអណ្ដាតភ្លើង បណ្ដាលឱ្យជនរងគ្រោះ៥នាក់ បានស្លាប់ និង ពីរនាក់រងរបួសធ្ងន់ ក្រោយពីជួយសង្គ្រោះ ចេញមកក្រៅទាន់ពេលវេលា ។

យោងតាមរបាយការណ៍របស់អាជ្ញាធរ ខណ្ឌមានជ័យ បានបង្ហាញថា ជនរងគ្រោះ ទាំង៥នាក់ជាបុគ្គលិកធ្វើការនៅក្នុងក្លឹប ទី១-ឈ្មោះ សំ ស្រីស្រស់ អាយុ១៧ឆ្នាំ, ទី២- ឈ្មោះ កែ លីយ៉ា អាយុ១៦ឆ្នាំ, ទី៣ ឈ្មោះសៅ មេសា អាយុ១៨ឆ្នាំ ដែលពួកគេទាំង៣នាក់ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ហើយសពតម្កល់ទុកនៅវត្ដស្ទឹងមានជ័យ, ទី៤ ឈ្មោះ រស់ ថាវរី អាយុ២៨ឆ្នាំ រស់នៅ ភូមិពត់ស ឃុំពត់ស ស្រុកបាទី ខេត្ដតាកែវ សពតម្កល់នៅមន្ទីរពេទ្យរុស្សី និងទី៥ ឈ្មោះ ហុក សុខឡេង អាយុ៤៤ឆ្នាំ រស់នៅផ្ទះលេខ២០០ ភូមិព្រែកគាត់ សង្កាត់ តាក្ដុក ក្រុងតាខ្មៅ សពតម្កល់នៅវត្ដក្រពើហា។

សម្រាប់ប្រតិបត្ដិការ ពន្លត់អគ្គិភ័យ រថយន្ដពន្លត់អគ្គិភ័យប្រើអស់២៣គ្រឿង ក្នុងនោះ មកពីស្នងការរាជធានីភ្នំពេញ ២០គ្រឿង និងអង្គភាព កងពល ង៧០ ចំនួន៣គ្រឿង ហើយអគ្គិភ័យនេះ បានបណ្ដាលឱ្យ ខូចខាតសម្ភារនៅក្នុងក្លឹបទាំងស្រុងតែម្ដង៕