(ភ្នំពេញ)​៖ ក្រុមសមត្ថកិច្ចជំនាញបានព្រមានចាត់វិធានការ ដល់អាជីវករធ្វើស្លាកយីហោទាំងអស់ ដែលបន្តធ្វើស្លាកលេខម៉ូតូ ឬរថយន្តក្លែងក្លាយ ហើយលក់នៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ អះអាងប្រាប់ Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានចុះណែនាំ និងត្រួតពិនិត្យដល់ទីតាំង មួយចំនួននៅរាជធានីភ្នំពេញ ដែលទទួលបោះពុម្ភ ឬ ផលិតផ្លាកយីហោផ្សេងៗ ឲ្យធ្វើកិច្ចសន្យាមិនឲ្យផលិតស្លាកលេខ ទោចក្រយានយន្ត ឬរថយន្ត (ន.ប) ក្លែងក្លាយ។

ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានបញ្ជាក់ថា ប្រសិនបើកន្លែងធ្វើស្លាកលេខ នៅបន្តធ្វើមិនស្តាប់ការណែនាំ នឹងត្រូវមានទោសចាប់ពី៥ឆ្នាំ ដល់១០ឆ្នាំ ពាក់ព័ន្ធជាមួយបទក្លែងក្លាយស្លាកលេខ។

សមត្ថកិច្ចបានអះអាងថា សម្រាប់អ្នកដែលទទួលការណែនាំហើយ នៅតែបន្តបទល្មើសរបស់ខ្លួន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នឹងចាត់វិធានទៅតាមច្បាប់។

យ៉ាងណាក៏ដោយ សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឱ្យដោះចេញ ហើយចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីឲ្យមានសណ្តាប់ធ្នាប់ល្អក្នុងសង្គមជាតិ៕