(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា លោកបានបញ្ជាឲ្យលោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ កាយដីដែលបានចាក់រំលោភយកផ្លូវទឹក ដឹកកសិផលរបស់ប្រជាពលរដ្ឋចេញវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយការបង្គាប់បញ្ជានេះ ធ្វើឡើងខណៈពេលដែលលោកអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅស្រុកព្រៃនប់ ។

គួរបញ្ជាក់ថា លោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ កន្លងមកបានលួចចាក់ដីសង់ផ្ទះរំលោភយកផ្លូវទឹក សំរាប់ដឹកជញ្ជូនកសិផលជាច្រើនឆ្នាំកន្លងមក បង្កឱ្យប្រជាពលរដ្ឋក្នុងឃុំមានការខឹងសម្បារយ៉ាងខ្លាំង។

លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមទៀតថា លោកអភិបាលស្រុកព្រៃនប់ ក៏បានឯកភាពកាយដីដែលបានចាក់រំលោភយកចេញវិញផងដែរ ដោយកាយចេញរហូតដល់ក្បែរអាងទឹកចាស់របស់គាត់ ៕