(ថៃ)៖ លោក កៅ ខុន ដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទអន្តរជាតិលើកទី២ ស្តីពី «កម្មវិធីអភិវឌ្ឍន៍កែប្រែតំបន់ដាំដុះរុក្ខជាតិញៀន និងការអនុវត្តគោលការណ៍ ណែនាំរបស់អង្គការសហប្រជាជាតិ» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៣ ដល់ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

សន្និសីទអន្តរជាតិដែលមានប្រតិភូមកពីប្រទេសចំនួនជាង៤០ ក្នុងពិភពលោកចូលរួម ត្រូវបានប្រារព្ធពិធីបើកដោយ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងព្រះអង្គម្ចាស់ក្សត្រី បាច្រាគិតទីយ៉ាបហា ម៉ាហ៊ីឌុល។ សន្និសីទ បានធ្វើការពិនិត្យ និងវាយតម្លៃលើការអនុវត្តកម្មវិធី អភិវឌ្ឍន៍កែប្រែនៅតំបន់ដាំដុះរុក្ខជាតិញៀន ពិសេសអាភៀននៅក្នុងតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។

សន្និសីទបានធ្វើការពិនិត្យ ពិភាក្សាវាយតម្លៃ ដោយផ្តោតទៅលើសារសំខាន់នៃ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការធានាអាហារូបត្ថម្ភ និងសន្តិសុខស្បៀង ការថែរក្សា ធនធានព្រែឈើ និងការដាំដុះព្រែឈើឡើងវិញ ការលើកកម្ពស់ សុខភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ដាំដុះគ្រឿងញៀនខុសច្បាប់ ដើម្បីឈានទៅកាន់បន្ថយឲ្យ បានជាអតិបរិមានូវការដាំដុះ ការផលិតគ្រឿងញៀនខុសច្បាប់ កាត់បន្ថយអំពើឧក្រិដ្ឋកម្មនានា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ណែនាំរបស់អង្គការសហប្រជាជាតិ ។

សន្និសីទអន្តរជាតិលើកទី២ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា និងជោគជ័យធំធេង ដែលបណ្តាប្រទេសនានា ក្នុងតំបន់ដាំដុះគ្រឿងញៀន បានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍កែប្រែតំបន់ទាំងនោះ ឈានទៅកាត់បន្ថយបាន នូវការដាំដុះអាភៀនគួរឲ្យកត់សម្គាល់ ពិសេសការខិតខំរបស់រាជរដ្ឋាភិបាល និងព្រះមហាក្សត្រថៃ ក្នុងការអភិវឌ្ឍន៍ កែប្រែតំបន់ត្រីកោណមាស ទាំងក្នុងពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ។ តាមរយៈការអនុវត្តកម្មវិធីអភិវឌ្ឍន៍កែប្រែនេះ ការផលិតអាភៀន នៅក្នុងតំបន់ត្រីកោណ មាសមានការថយចុះគួរឲ្យកត់សម្គាល់៕