(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត បានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍ស្ថានការណ៍នយោបាយកម្ពុជា នាពេល បច្ចុប្បន្ននេះ។ លោកស្រី បានអំពាវនាវឲ្យអ្នកនយោបាយវិលទៅរកវប្បធម៌សន្ទនា និង គោរពកិច្ចព្រមព្រៀង ៧ចំ ណុច ដែលបានដាក់ចេញកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ដែល Fresh News ទទួលបាននៅថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត បានថ្លែងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ មានការវិវឌ្ឍន៍ ដ៏គួរឲ្យព្រួយបារម្ភនូវភាពតានតឹងរវាងគណបក្ស នយោបាយនៅកម្ពុជា។ ការវិវឌ្ឍន៍ផ្នែកនយោបាយ ដែលនាំឲ្យមានការព្រួយបារម្ភនោះ រួមមាន៖ ការផ្ទុះហិង្សាលើ អ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៦ ខែតុលា ការដកលោក កឹម សុខា ចេញពីតំណែង អនុប្រធានទី១ នៃរដ្ឋសភា នាថ្ងៃទី៣០ ខែតុលា ក៏ដូចជាការចេញដីការតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណ បក្សសំឡេងភាគតិចនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោមបទចោទបរិហាកេរ្តិ៍ជាសាធារណៈ និងការ ញុះញុងឲ្យមានការរើសអើង រួមទាំងដីកាឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី០៤ ធ្នូ ពាក់ព័ន្ធការក្លែងឯកសារសាធារណៈផង ដែរ។

លោកស្រី ស្មីត បានថ្លែងថា «នេះ គឺជាការព្រួយបារម្ភយ៉ាងធំធេងចំពោះខ្ញុំ ដែលមានការចោទប្រកាន់ពីការរំលោភ បំពានផ្ទួនៗ ដល់ការអនុវត្តដោយសន្តិវិធី នៃសេរីភាព នៃការសម្តែងមតិ និងគំនិត ព្រមទាំងសិទ្ធិចូលរួមក្នុងជីវិត នយោបាយ ដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាការពារ ដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ ដែលកម្ពុជា គឺជារដ្ឋភាគីមួយដែរនោះ»។

លោកស្រី ស្មីត បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្រោមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ធានាការពារ សន្តិសុខរូបកាយរបស់បុគ្គលគ្រប់រូប ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រាប់ទាំងសមាជិកសភាផងដែរ។

អ្នកស្រី ក៏បានរំលឹកពីតួនាទីរបស់តំណាងរាស្រ្ត ដែលទទួលបានការបោះឆ្នោតពីប្រជាពលរដ្ឋផងដែរ ឲ្យធ្វើសកម្ម ភាព ដែលនាំមកនូវការរួបរួម មិនមែនការញុះញុង​ឲ្យបែកបាក់នោះឡើយ។ លោកស្រី ស្មីត បានបញ្ជាក់ថា មេដឹក នាំជាប់ឆ្នោតទាំងអស់ ត្រូវមានការទទួលខុសត្រូវធ្វើ​សកម្មភាពបម្រើផលប្រយោជន៍​ដល់ម្ចាស់ឆ្នោត ហើយមេដឹក នាំនយោបាយត្រូវមានការទទួលខុសត្រូវធ្វើសកម្មភាពធានាការពារសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជំនួសឲ្យការប្រើភាសាបំបែកបំបាក់ និងការដុតបញ្ឆេះមនោសញ្ចេតនាប្រកាន់ពូជសាសន៍។

កថាខណ្ឌចុងក្រោយ នៃសេចក្តីថ្លែងការណ៍របស់ខ្លួនលោកស្រី ស្មីត បានស្នើឲ្យមេដឹកនាំគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គោរពកិច្ចព្រមព្រៀងខែឧសភា ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក ដោយងាករក «វប្បធម៌សន្ទនា» វិញ ប្រយោជន៍ឲ្យប្រជាជនកម្ពុជា អាចបន្តប្រើប្រាស់សិទ្ធិ នៅក្នុងបរិយាកាសមួយ ដែលមានស្ថិរភាពនយោបាយ និងសន្តិភាព។

សូមបញ្ជាក់កិច្ចព្រមព្រៀង ៧ចំណុច ដែលគណបក្សជាប់ឆ្នោតទាំងពីរ បានដាក់ចេញ ដើម្បីពង្រឹង «វប្បធម៌សន្ទ នា» រួមមាន៖
១. ស្មោះត្រង់ជាមួយគ្នា ដើម្បីយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ដោះស្រាយដោយសន្តិវិធី នូវរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។
២. គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។
៣. ចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាការប្រើពាក្យ «អាក្បាលយួនខ្លួនខ្មែរ» «ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ» «អាកូនចោរ»។
៤. ចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាព ដូចជាការប្រើពាក្យ «ចាប់ដាក់គុក» «សង្រ្គាមនឹងកើតឡើង»។
៥. លុបបំបាត់ចោលនូវផ្នត់គំនិត នៃការគុំកួន សងសឹកគ្នា បានសេចក្តីថា ត្រូវបញ្ចប់នូវនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
៦. លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម។
៧. អប់រំ ណែនាំជាប្រចាំដល់មន្រ្តីគណបក្ស សមាជិក សមាជិកា និងការគាំទ្រគណបក្សរៀងៗខ្លួន ចាប់តាំងពីថ្នាក់ ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ឲ្យអនុវត្តន៍នូវខ្លឹមសារខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕