(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ បានឧបត្ថម្ភថវិកា ចំនួន៥០ម៉ឺនរៀល ជូនក្រុមកីឡាករទូក «កំពង់ស្ពឺសែនជ័យ បារមីលោកយាយម៉ៅ» ដែលជាទូករបស់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោយប្រណាំងឈ្នះ ទទួលបានជ័លាភីចំណាត់ថ្នាក់លេខ១ ក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប ដែលបានបញ្ចប់ទៅកាលពីម្សិលមិញ នៅខេត្តកំពង់ស្ពឺ ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថ បានឧបត្ថម្ភដល់ក្រុមកីឡាករ ចំនួន១៣នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល និងអង្ករមួយបាវផង ខណៈគណៈកម្មាការទូក បានឧបត្ថម្ភថវិកាចំនួន៣លានរៀល ។

បើតាមមន្រ្តីអាវុធហត្ថ នេះជាមោទភាពមួយរបស់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទូករបស់ខ្លួន បានប្រណាំងឈ្នះ នៃការរៀបចំពិធីប្រណាំងទូកឆ្នាំទី១ នៅខេត្តកំពង់ស្ពឺ៕