(អ៊ីរ៉ាក់)៖ សមាជិកសភា និងជាអតីតទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ លោក Mowaffak al Rubaie បានថ្លែងឲ្យដឹងថា ក្រុមឧទ្ទាម ISIS រកចំណូលបានរាប់លានដុល្លារអាមេរិក តាមរយៈ​ការលក់ប្រេងទៅកាន់ទីផ្សារងងឹត នៅក្នុងប្រទេសតួកគី ហើយលោកក៏បានបញ្ជាក់​បន្ថែម​ទៀតថា ក្រុមភេរវករដែលរងរបួស គឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសតួកគី នេះ​បើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃនេះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន RT លោក Mowaffak al Rubaie បានឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែចុងក្រោយនេះ ក្រុម ISIS រកចំណូលបាន ៨០០លានដុល្លារអាមេរិក ពី​ការលក់ប្រេងទៅកាន់ទីផ្សារងងឹត នៅក្នុងប្រទេសតួកគី ដែលប្រេងទាំងនោះ ត្រូវបានក្រុម ISIS ​ប្រមូលមកពីតាមបណ្ដាតំបន់ដែលខ្លួនគ្រប់គ្រងមាននៅក្នុងប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងស៊ីរី ដោយ​តម្លៃ​ប្រេងគឺស្មើនឹង ៥០ភាគរយ នៃតម្លៃប្រេងអន្តរជាតិ។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺថា រដ្ឋាភិបាលតួកគីបានដឹងច្បាស់លាស់ ពីប្រតិបត្តិការ​លក់​ប្រេង របស់ក្រុម ISIS នេះ ប៉ុន្តែពួកគេហាក់ធ្វើមិនដឹង ព្រោះវាមានប្រយោជន៍ ដល់តួកគីច្រើន​ផង​ដែរ។

គួរបញ្ជាក់ផងដែរថា ប្រេងគឺជាប្រភពចំណូលធំបំផុត សម្រាប់ក្រុម ISIS អាចនិយាយបានថា វាគឺ​ជាដង្ហើមសម្រាប់ក្រុមឧទ្ទាម មួយនេះផងដែរ៕